រាជធានីភ្នំពេញ ៖
នារីម្នាក់បានរងរបួសធ្ងន់និង ២ នាក់ទៀត រងរបួសស្រាល ខណៈដែលពួកគេទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហ្វីណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AY-7262 ហើយត្រូវរថយន្តមួយគ្រឿង ម៉ាកបាជេរ៉ូ ពណ៌
ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-5338 បើកបរដោយបុរសចំណាស់ម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលបុកពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២១ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវលេខ៤៣២ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញនារីរងគ្រោះទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ឌុបគ្នាតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីជើងទៅត្បូង ឡើងទៅលើផ្លូវលេខ២៧១ ខណៈនោះស្រាប់តែរថយន្តបង្ក បានបើកមកបុកពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់ធ្ងរ និងនារី ២នាក់ទៀត រងរបួសស្រាល។ ចំណែករថយន្តបង្ក ក្រោយពេលកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុ ជួយចាប់ឃាត់បានភ្លាមៗផងដែរ ។
សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយតម្រូវឲ្យ ភាគីខាងម្ចាស់រថយន្ត សងថ្លៃការខូចខាតទាំងអស់ ដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿង។ តែដោយភាគីនារីរងគ្រោះ មិនមានអ្នកចូលរួមដោះស្រាយ ព្រោះតែរបួសធ្ងន់និងស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ទើបសមត្ថកិច្ច សម្រេចយកម៉ូតូនារីរងគ្រោះ និងរថយន្តបង្ក ទៅរក្សារទុក នៅអធិការរដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីដោះស្រាយតាមច្បាប់ នៅពេលក្រោយ ៕