ខេត្តបាត់ដំបង ៖
សពបុរសម្នាក់ហើមស្អុយ សត្វស៊ីអស់មួយកំណាត់ខ្លួន ត្រូវគេប្រទះឃើញចម្ងាយ ៤០០ម៉ែត្រ ពីមណ្ឌលពិភពនៃក្តីសង្ឃឹម ដែលជាមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង៣០ នាទី
ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយសពនេះ បានរត់ចេញពីមណ្ឌលពិភពនៃក្តីសង្ឃឹម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្លាប់ដោយអាថ៌កំបាំង។ នេះជាលើកទី ២ហើយដែលមានមនុស្ស រត់ចេញនិងស្លាប់នៅមណ្ឌលកែប្រែ ដែលមានទីតាំងស្ថិតក្នុង ភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សាកសពបុរសរងគ្រោះ មានឈ្មោះ សុទ្ធ រចនា អាយុ២៥ឆ្នាំ មានប្រពន្ធ កូនម្នាក់ រស់នៅភូមិដូង ឃុំបឹរាំង ស្រុកកំរៀង ជាអ្នកញៀនថ្នាំ មានឪពុក ឈ្មោះ ចាន់ ម៉ៅ អាយុ ៦២ឆ្នាំ និងម្តាយ ឈ្មោះ វ៉ា វី អាយុ ៥៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ។ ឪពុកជនរងគ្រោះឈ្មោះ ចាន់ ម៉ៅ បានប្រាប់អ្នកយកព័ត៌មាន ថា កូនប្រុសរបស់គាត់ បានមកមណ្ឌលពិភពនៃក្តីសង្ឃឹម ដើម្បីបន្សាបគ្រឿងញៀនជាង ៤ខែមកហើយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ គឺគ្រប់ ៥ខែ ដល់ថ្ងៃវិលត្រឡប់ទៅផ្ទះវិញ។
ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ពួកគាត់បានរៀបចំ បាយដឹកយកទៅជួបកូន នៅមណ្ឌលពិភពនៃក្តីសង្ឃឹម តែមិនទាន់បានទៅផង ស្រាប់តែប្រធានមណ្ឌលឈ្មោះ ប៊ុត ធឿន បានទូរស័ព្ទប្រាប់ថា កូនប្រុសឈ្មោះ សុទ្ធ រចនា បានស្លាប់បាត់ហើយ ដោយលើកហេតុផលថា ជនរងគ្រោះបានរត់ចេញ ពីមណ្ឌលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ទើបតែប្រទះឃើញសព។ ភ្លាមៗនោះពួកគាត់ មានការតក់ស្លុតជាខ្លាំង និងមានការខឹងខ្លាំងណាស់ ព្រោះពេលកូនចេញពីមណ្ឌល ពួកគេមិនប្រាប់ លុះកូនស្លាប់ទើបគេប្រាប់ បញ្ហានេះប្រធានមណ្ឌល ត្រូវតែទទួលខុសត្រូវ ចំពោះការស្លាប់របស់ជនរងគ្រោះ។
ពាក់ព័ន្ធករណីនេះលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានអោយដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ជនមានសារធាតុញៀនក្នុងខ្លួន ចំនួន ១៣នាក់ បានបះបោរសំរុកចេញពីមណ្ឌល ពិភពនៃក្តីសង្ឃឹម ហើយសមត្ថកិច្ចតាមរកមិនឃើញ ទើបតែព្រឹកថ្ងៃទី២៥ ខែកុម្ភៈ រកឃើញសពបុរសម្នាក់ ហើយនេះមិនមែនជា ករណីឃាតកម្មឡើយ។ ការស្លាប់របស់ជនរងគ្រោះ អាចមកពីការហេវហត់ អត់ចំណី ធ្វើដំណើរទៅមុខទៀតលែងរួច តែទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជូន ក្រុមកោសល្យវិច័យបច្ចេកទេស ចុះធ្វើការស្រាវជ្រាវ ស៊ើបរកការពិតដើម្បីអោយ អាណាព្យាបាលជនរងគ្រោះអស់ចិត្ត។
យ៉ាងណាក៏ដោយលោក ជា ឆេង ប្រធានការិយាល័យ កោសល្យវិច័យនិងបច្ចេកទស បានអោយដឹងនៅវេលាម៉ោង ១និង៤០ នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ តាមទូរស័ព្ទថា សពមិនមានការប្រើប្រាស់សម្ភារៈវាយ ឬកាំភ្លើងបាញ់ឡើយ ឃើញមានដៃខ្វេ ហើយសពហើមរលួយ ប្រែសម្បុរខ្មៅ មានស្នាមដាច់ជើងត្រឹមជង្គង់ ដោយសារសត្វខាំអូស ចំណែកដៃខ្វេ គឺមានពីកំណើត ដូច្នេះសន្និដ្ឋានថា សពនេះស្លាប់ដោយ ការអត់បាយទឹក ឬជម្ងឺប្រចាំកាយ៕ ដោយ សុខជា