ខេត្ដបាត់ដំបង ៖
ក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនខណៈដែលប្រើកាំបិតភ្ជង់សិស្សសាលាបញ្ជាឱ្យបើកម៉ូតូឆ្វែលជុំវិញក្រុងបាត់ដំបង ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិទ្យាល័យ ព្រះមុនីវង្ស ឋិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ខឿន ចាន់ណាក់ អាយុ២៣ឆ្នាំ ជាព្រូរថយន្ដបាត់ដំបង-ប៉ោយប៉ែត មានទីលំ នៅភូមិ-សង្កាត់រតនៈ ក្រុងបាត់ដំបង ។ រីឯបក្ខពួកជាជនដៃដល់មានឈ្មោះ រី និង ឈ្មោះទី ពួកគេរត់គេចខ្លួនបាត់ ។ ចំណែកយុវជនរងគ្រោះទី១-ឈ្មោះ រ៉េត វីយ៉ា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២“D” និងទី២-ឈ្មោះ រ៉េត គារ៉ា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី១០“0” នៃវិទ្យាល័យ ព្រះមុនីវង្ស ទាំង២នាក់ជាបងប្អូននឹងគ្នា ជិះម៉ូតូម៉ាកស្គូពី ពណ៌ផ្កាឈូក ស៊េរី ឆ្នាំ២០១២ មានទីលំនៅភូមិអង់ សង្កាត់ អូរចារក្រុងបាត់ដំបង ។ ក្រោយពីការឃាត់ខ្លួនជនសង្ស័យនេះនគរបាល ដកហូតបានកាំបិតចែតវែង១ ដាវសាមូ រ៉ៃចំនួន២ ម៉ូតូហុងដាឌ្រីម១គ្រឿង ។
ប្រភពដដែលបានឱ្យដឹងថា មុនពេលកើតហេតុពួកខ្លួនបានជិះ ម៉ូតូចេញពីផ្ទះមកដល់សាលារៀន ហើយឈប់បម្រុងអូសម៉ូតូចូលកន្លែងផ្ញើតែមិនទាន់ពន្លត់ម៉ាស៊ីនផង ស្រាប់តែមានបុរសម្នាក់ពាក់អាវក្រឡាការ៉ូឡើងជិះម៉ូតូរបស់ខ្លួន ពីក្រោយប្អូនប្រុស ហើយ យកកាំបិតវែងភ្ជង់កប្អូនប្រុសរបស់ខ្លួន ។ បន្ទាប់មកជនសង្ស័យបញ្ជាឱ្យបើកម៉ូតូ ចេញពីមុខសាលារៀនតែពួកគេស្រែកឱ្យគេជួយ ប៉ុន្ដែពុំមានអ្នកជួយទើបបើក ម៉ូតូដឹកប្អូននិងជនសង្ស័យបត់តាមផ្លូវ លេខ២និងផ្លូវលេខ១ឆ្វែលតាមមាត់ស្ទឹង ហើយក៏បត់តាមផ្សារណាត់និងទៅតាមផ្លូវ លេខ២ពីត្បូងទៅជើងឆ្ពោះទៅសាលា វិញ ។ លុះមកដល់ផ្ទះសំណាក់សេងហ៊ត (ផ្លូវលេខ២)ខ្លួនបានផ្ដួលម៉ូតូ ខណៈនោះជនសង្ស័យក៏បានរត់គេចខ្លួនតែម្ដង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕