ខេត្តក្រចេះ ៖
សេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា លោកសក្តិ៥ ថន ប៊ុនធី ហៅធីបាញ់ បានដឹកជញ្ជូនឈើសឹងរាល់យប់គឺដឹកឈើប្រណិតតាមរថយន្តសាំយ៉ុងឬតាកូម៉ាក្នុង១
ថ្ងៃចំនួន៤គ្រឿងទៅ៦គ្រឿងចេញពីតំបន់រលួសឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តក្រចេះនិងស្រុកស្នួល ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកចាន់មូលស្រុកមេមត់ យ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវនិងជំនាញរដ្ឋបាលព្រៃឈើមានលោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះនិ ងលោក ព្រាប សុធារា ប្រធានផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោកប្រាក់ ណូម៉ា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម។
សេចក្តីរាយការណ៍បន្តទៀតថាសព្វថ្ងៃនេះលោកសក្តិ៥ ថន ប៊ុនធី ហៅធីបាញ់ ប្រើស្បែកជាយោធានិងមានមេការឈ្មោះថាជាអ្នកចែកលុយអោយសមត្ថកិច្ចតាមដងផ្លូវហើយធីបាញ់ជាអ្នកចេញមុខចែកចាយលុយសមត្ថកិច្ចឬអស់លោកធំអង្គុយនៅការិយាល៍យកំពុងធ្វើជាឈ្មួញចេញមុខចេញមាត់ជាងគេក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណិតមានធ្នង់ បេងចេញពីស្រុកសំបូរ តាមរថយន្តទំនើបៗឡើងមកខេត្តក្រចេះឆ្ពោះទៅប្រទេសវៀតណាមគឺមិនលោះថ្ងៃណាឡើយទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះក៏លោក ធី បាញ់ នៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ ដៃគូរកស៊ីឈើខុសច្បាប់របស់ធីបាញ់ គឺឈ្មោះ ធា បាក់ ដែលត្រូវជាបងប្អូននឹងគ្នាហើយធាបាក់ គឺជាអ្នកដើរប្រមូលទិញឈើប្រណិតខុសច្បាប់នៅខេត្តស្ទឹងត្រែងហើយសមត្ថកិច្ច និងមន្ត្រីជំនាញពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់លោក ធី បាញ់ នោះទេ ជាពិសេសគឺលោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោកព្រាប សុធារាប្រធានផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះនិងលោក ប្រាក់ ណូម៉ា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ។ គឺទី១ដោយសារតែលោក ធី បាញ់ មានលុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ លោក ធី បាញ់ មានស្បែកជាយោធានិងមានថ្នាក់លើរបស់គាត់ពាក់ផ្កាយបីជួយជ្រោមជ្រែង។
លោក ធី បាញ់ មានក្របខ័ណ្ឌជាមន្ត្រីយោធា ពាក់ស័ក្តិ៥ និងជាជំនួយការផ្ទាល់របស់លោកផ្កាយ៣ម្នាក់ហើយគេមិនច្បាស់ទេថាតើក្នុងមួយខែៗ លោក ធី បាញ់ បានផ្តល់ផលប្រយោជន៍យកទៅជូនលោកផ្កាយ៣ម្នាក់នោះប៉ុន្មានម៉ឺនដុល្លារនោះទេបានជាលោក ធី បាញ់ អាចយកស្បែកជាយោធា និងយកងារជាទីប្រឹក្សារបស់លោកផ្កាយ៣ម្នាក់នោះ ទៅពង្រឹងពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអនាធិបតេយ្យខ្លាំងឡើង។ គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនឈើខុស ច្បាប់របស់លោក ធី បាញ់ បានឬក៏អត់ព្រោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើគ្រញូងតាមរថយន្តទំនើបៗពី ចេញពីតំបន់រលួស ឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ ស្រុកស្នួលឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកចាន់មូលស្រុកមេមត់ខេត្តកំពង់ចាម ។ ដែលលោក ធី បាញ់ កំពុងធ្វើនៅពេលនេះមានទំហំធំធេងនិងព្រហើនបំផុតចំពោះការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យរបស់លោក ធី បាញ់ ឡើងវិញជាបន្ទាន់កុំឲ្យប្រជាពលរដ្ឋរិះគន់ថា ព្រោះតែសំអាងលើស្បែកជាយោធានិងអាងមានការបើកដៃពីលោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះនិងលោកប្រាក់ ណូម៉ា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាមនោះ ធី បាញ់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត ៕