ភ្នំពេញ ៖ នារីអស់លក្ខណ៍ដែលតែងតែដើរបោកប្រាស់គេយកលុយពីហាងមួយទៅហាងមួយដោយកុហកថា នឹងនាំនារីបម្រើក្នុងហាងខារ៉ាអូខេមកធ្វើការ ។ នារីសង្ស័យខាងធ្លាប់បានប្រព្រឹត្តបែបនេះអស់ហាង៣-៤មកហើយ លុះមកដល់ថ្ងៃកើតហេតុត្រូវម្ចាស់ហាងចាប់ឲ្យសមត្ថកិច្ចតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងហាងយីហោ សម្បត្តិពេទ្យ តាបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នារីសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណទេ អាយុជាង២០ឆ្នាំ ស្លៀកឈុតរ៉ូបពណ៌ក្រហម ចំណែកម្ចាស់ហាងឈ្មោះ ទូច ស្នាក់នៅផ្ទះជួលហាងខាងលើ មានស្រុកកំណើតភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីម្ចាស់ហាងសម្បត្តិពេទ្យបានឲ្យដឹងថា មុនពេលកើតហេយតុនារីសង្ស័យធ្លាប់បាន ដើរបោកប្រាស់ដើរយកលុយក្នុងងហាងផ្សេងៗជាច្រើនមកហើយ ដោយសន្យាថានឹងនាំនារីចូលមកបម្រើការងារនៅក្នុងហាង ប៉ុន្តែនៅពេលដែលនារីសង្ស័យបានទទួលលុយពីម្ចាស់ហាងក៏តែងតែរត់គេចខ្លួនបាត់ស្រមោល ។ លុះមកដល់ថ្ងៃកើតហេតុនារីសង្ស័យបានបោកប្រាស់ម្ចាស់ហាងខាងលើតែត្រូវម្ចាស់ហាងដឹងទាន់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
នារីសង្ស័យពេលសមត្ថកិច្ចឃាត់ខ្លួនបានប្រកែកថា នាងមិនបានធ្វើនូវទង្វើដូច្នេះទេ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នានៅប៉ុស្តិ៍នគរបាលធ្វើឲ្យសមត្ថកិច្ចធុញទ្រាន់ក៏ឲ្យទៅផ្ទះរៀងៗខ្លួនតែម្តងទៀត ៕
សារ៉េត សែនជ័យ