ភ្នំពេញ៖ ស្ពានអ្នកលឿង ដែលតភ្ជាប់ទន្លេមេគង្គក្រោម តាមបណ្តោយផ្លូវជាតិលេខ ១ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅក្នុងខែមីនា ឆ្នាំ២០១៥ ខាងមុខ ។
លោក អាគីហ៊ីកូ តាណាកា (Akihiko Tanaka) ប្រធានអង្គការ JICA បានជម្រាបព័ត៌មាននេះ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងជំនួបសវនាការ កាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ។ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក Akihiko Tanaka បានជម្រាបជូនសម្តេចតេជោថា លោកមានការសប្បាយរីករាយជាទីបំផុត ដែលបានធ្វើដំណើរតាមរថយន្ត ពីទីក្រុងហូជីមិញ មកកាន់ទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ១ ហើយលោកបានឈប់ពិនិត្យមើលការសាងសង់ស្ពានអ្នកលឿង ។ លោកបានជម្រាបជូនសម្តេចតេជោថា ក្រុមវិស្វករ បាននិងកំពុងធ្វើការសាងសង់ ហើយស្ពាននេះ នឹងត្រូវចប់សព្វគ្រប់ ដាក់ឱ្យដំណើរការ នៅខែមីនា ឆ្នាំ២០១៥ ខាងមុខ។
លោកបានបន្តថា ការធ្វើដំណើរនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវសារសំខាន់ នៃការ ជួយដល់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានផលប្រយោជន៍ មិនត្រឹមតែនៅកម្ពុជាទេ ជាពិសេសការតភ្ជាប់ ជាមួយនឹងតំបន់ តាមក្របខ័ណ្ឌអាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ ។
លោកបានបញ្ជាក់ថា ការជួយរបស់ជប៉ុន តាមរយៈផ្លូវជាតិលេខ៥ ក៏មានសារសំខាន់ដូចគ្នានេះដែរ ហើយលោកក៏បានជម្រាបជូនសម្តេចដែរថា ជប៉ុនក៏បានយកចិត្ត ទុកដាក់ជួយដល់កម្ពុជា នៅលើវិស័យសុខុមាលភាព សង្គមផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនង រវាងកម្ពុជា និង ជប៉ុន គឺបានលើក ស្ទួយដល់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះគឺជាអ្វីដែលបានប្រកាស ដោយនាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោផ្ទាល់ នៅពេលដែលសម្តេច បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ។ សម្តេចតេជោ បានបញ្ជាក់ដែរថា ប្រទេសជប៉ុន ក៏បានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និង បានជួយកម្ពុជា លើវិស័យអភិវឌ្ឍន៍ ហើយឥឡូវនេះ បានលើកស្ទួយទំនាក់ទំនង ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ។
សម្តេចបានបន្តថា ជប៉ុន បានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ជំនួយឱ្យកម្ពុជា គ្រប ដណ្តប់ស្ទើរគ្រប់វិស័យ ដូចជា ការកសាងស្ពានអ្នកលឿង និងស្ពានដទៃទៀត រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលមានសារសំខាន់ណាស់ ក្នុងការតភ្ជាប់កម្ពុជា និងក្នុងតំបន់អាស៊ាន ក៏ដូចជា មេគង្គផងដែរ។ សម្តេចបានសំដែងនូវការអបអរសាទរ ចំពោះជំនួយរបស់ជប៉ុន រួមទាំងជំនួយការសាងសង់ ប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកកណ្តាលស្ទឹង, ការជួយកម្ពុជាលើវិស័យអគ្គិសនី ទឹកស្អាត, បណ្តាញលូនៅទីក្រុងភ្នំពេញ, ការជួយដល់មជ្ឈមណ្ឌលដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការជួយដល់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែទំនើប និងទាន់សម័យ ។ ជាមួយគ្នានេះ សម្តេចបានស្នើសុំឱ្យ JICA ជួយជំរុញឱ្យអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន មកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើង ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា នៅខែមិថុនា ខាងមុខនេះ ផ្សារទំនើបដ៏ធំរបស់ជប៉ុន គឺផ្សារ អេយ៉ុន នៅរាជធានីភ្នំពេញ ដែលវិនិយោគ ដោយក្រុមហ៊ុនជប៉ុន នឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ៕