រាជធានីភ្នំពេញ ៖
បុរសម្នាក់ត្រូវបានប៉ូលីសប៉ុស្តិ៍ចោមចៅ ធ្វើការឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីស្ត្រីជាប្រពន្ធ រត់មកប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីប្តីកំណាច បញ្ជាឲ្យនាងរំលូតកូនចោល តែនាងមិនព្រម ក៏ត្រូវបុរសជាប្តីវាយ
ទាត់ធាក់ រហូតធ្លាក់កូន កាលពីវេលាម៉ោង ២២និង៣០ នាទីយប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅក្នុងខ្ទមមួយកន្លែង ក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ទល់មុខច្រកចូល ផ្លូវទំនប់កប់ស្រូវ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះមានឈ្មោះ ភិន សារ៉ាន់ អាយុ ២០ឆ្នាំ មុខរបរ និងស្នាក់នៅ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា ចាប់តាំងពីនាងបានរួមរស់ ជាមួយជនល្មើស ក្នុងនាមជាប្តីប្រពន្ធ ឥតមានខាន់ស្លា រហូតដល់មានកូន អាយុ ៣ខែ ក្នុងផ្ទៃ នាងមិនដែលមានសេចក្តីសុខទេ។ ចំណែកប្តីកំណាច មានឈ្មោះ ប៉ាក ហាច អាយុ ៥០ឆ្នាំ មុខរបរប៉ះកង់ ស្នាក់នៅខ្ទមកើតហេតុ និងមានស្រុកកំណើត នៅភូមិ កោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ស្ត្រីរងគ្រោះ ភិន សារ៉ាន់ ដែលនៅលើផ្ទៃមុខ ពោរពេញទៅដោយស្នាមរបួស បានឲ្យដឹងថា នាងមានម្តាយឈ្មោះ ផាន់ ចំរើន អាយុ ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានឪពុកឈ្មោះ ម៉ាប់ អាយុ ៤៥ឆ្នាំ ឪពុកម្តាយនាង បានលែងលះគ្នា ជាង ៦ឆ្នាំកន្លងមកហើយ បានបន្សល់ទុក នូវកូនស្រីចំនួន ២នាក់ កូនស្រីច្បង ឈ្មោះ ភិន សារឹម អាយុ ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ និងកូនស្រីពៅ ជាជនរងគ្រោះ។
នាងបានរួមរស់ជាមួយ ប្តីហេងស៊យខាងលើ រហូតដល់នាងមានផ្ទៃពោះ ៣ខែ ហើយលោកប្តីកំណាចដឹងថា នាងមានផ្ទៃពោះ ក៏បានគំរាមនាង ឲ្យរំលូតកូនក្នុងផ្ទៃចោល ហើយដាក់បម្រាម មិនឲ្យប្រាប់និងទៅលេងផ្ទះម្តាយ។ នៅយប់ថ្ងៃកើតហេតុ បុរសជាប្តីខឹងនាង មិនព្រមរំលូតកូនចោល និងចោទថា នាងមានប្រុសថ្មី ឈានទៅដល់ផ្ទុះកំហឹង វាយទាត់ធាក់ បណ្តាលឲ្យនាង បែកក្បាលហូរឈាម តាមត្រចៀក ពោរមុខ ហើមមាត់ រហូតដល់ធ្លាក់កូន៕