រាជធានីភ្នំពេញ ៖
ជនសង្ស័យម្នាក់ជាប់ចោទ ពីបទរំលោភសេពសន្ថវៈ កម្មការិនីរោងចក្រកាត់ដេរ ត្រូវបាននគរបាលខណ្ឌដង្កោ ដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីឃាត់ខ្លួន បានប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារលោកអភិបាលរង
ខណ្ឌចំការមនម្នាក់ លូកដៃជួយអន្តរាគមន៍ ហើយក្រុមគ្រួសារខាងប្រុស បានសុំឲ្យដកពាក្យបណ្តឹង ដើម្បីឲ្យពួកគេបានរៀបការ ជាគូអនាគតផងដែរ។
ជនសង្ស័យមានឈ្មោះ រិន សំរិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ខេ សា រស់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង ឃាត់ខ្លួនកាលពីវេលាម៉ោង ១៦និង២០ នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចក្បែរផ្លូវរទេះភ្លើង ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងករណី រំលោភសេពសន្ថវៈ លើនារីជាកម្មការី រោងចក្រកាត់ដេរម្នាក់ ឈ្មោះ ញឹម សុខជា អាយុ ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២៣និង៣០ នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
កាលពីយប់កើតហេតុ នៅក្នុងភូមិប្រទះឡាង មានប្រារព្ធកម្មវិធីបុណ្យដាលាន ហើយជនសង្ស័យបានទៅ បបួលនាងមកចូលរួមកំសាន្ត ព្រោះពួកគេធ្លាប់ស្រឡាញ់គ្នា ២ឆ្នាំកន្លងមកហើយ។ លុះយប់ជ្រៅបន្តិច ជនសង្ស័យក៏ឌុបនារីរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ពេលជិះមកដល់ចំណុចកើតហេតុ មុខទីស្នាក់គណបក្ស សង្កាត់ប្រទះឡាង ពួកគេបានឈប់ម៉ូតូ ហើយជនសង្ស័យក៏ចាប់នារីរងគ្រោះ រំលោភនៅលើបង់ក្រោមដើមស្លែង រហូតទាល់តែបានសម្រេច។ ក្រោយពីកើតហេតុ នារីរងគ្រោះបាននិយាយរឿងរ៉ាវនេះ ប្រាប់ដល់អ៊ំស្រីរបស់ខ្លួន ទើបនាំគ្នាទៅដាក់ពាក្យប្បណ្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រទះឡាង ឲ្យចុះឃាត់ខ្លួន ជនសង្ស័យដើម្បីធ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ រិន សំរិត ក្រោយពីឃាត់ខ្លួនសួរនាំ មិនព្រមឆ្លើយសារភាពនោះទេ តែដោយសារមានវត្ថុតាងគ្រប់គ្រាន់ និងយោងតាមសំដី របស់នារីរងគ្រោះផ្ទាល់ ទើបជនសង្ស័យបានឆ្លើយសារភាព គ្រប់រឿងទាំងអស់ដែលបានកើតឡើង។ សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ នៅវេលាម៉ោង ២៣និង៣០ នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ពោលគឺឃាត់ខ្លួនបានតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយមាន អន្តរាគមន៍ ពីអភិបាលរង ខណ្ឌចំការមនម្នាក់ ហើយគ្រួសារខាងប្រុស ក៏បានអង្វរឲ្យដកពាក្យបណ្តឹងវិញ ដើម្បីឲ្យពួកគេរៀបការជាគូអនាគត៕