រាជធានីភ្នំពេញ ៖
យុវជនជាគូដណ្តឹង និងស្ត្រីជាម្តាយ បាននាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង ១០និង១៥ នាទីព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីអោយសមត្ថកិច្ច ជួយតាមរកនារីវ័យ
ក្មេងម្នាក់ ដែលទើបតែ ភ្ជាប់ពាក្យបាន ២ខែ បន្ទាប់ពីនាង បានកុហកម្តាយថា មកលេងគូដណ្តឹង តែនៅពេលស្ត្រីជាម្តាយ ទូរស័ព្ទមកសួរ បុរសជាគូដណ្ដឹង ទើបដឹងថា នាងបានបាត់ខ្លួន ក៏ឡើងជិះរថយន្តតាក់ស៊ី មកកាន់ភ្នំពេញ ដើម្បីតាមរកកូន ។
ស្ត្រីជាម្ដាយនារីដែលបាត់ខ្លួន ឈ្មោះ ព្រំ ណាវី អាយុ ៤០ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិ ដំបូកដួ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា កូនស្រីរបស់គាត់ មានឈ្មោះ ប៉ឺន ដាវី អាយុ ១៩ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅជាមួយម្តាយឪពុក ហើយមុនពេល ដែលកូនស្រីបាត់ខ្លួននោះ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ កូនស្រីរបស់គាត់ បានសុំគាត់ទៅលេងផ្ទះមិត្តភក្តិ នៅភូមិជិតគ្នា លុះដល់ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ កូនស្រីរបស់គាត់ បានទូរស័ព្ទមកប្រាប់គាត់ថា នាងទៅលេងគូដណ្ដឹងនៅឯភ្នំពេញ ។
យុវជនឈ្មោះ សូរ សារឿន អាយុ ២៤ឆ្នាំ ជានិស្សិតនៅ សាកលវិទ្យាល័យន័រតុន ឆ្នាំទី៣ ផ្នែកអេឡិចត្រូនិច ស្នាក់នៅផ្ទះជួលសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិជ័យកំពត ឃុំជ័យកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលអះអាងថា ខ្លួនជាគូដណ្ដឹង របស់នារីដែលបាត់ខ្លួន បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនបានភ្ជាប់ពាក្យជាមួយ គូដណ្ដឹងជិត ២ខែមកហើយ ដោយភ្ជាប់ពាក្យ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ ពេលដែលដឹងថា នាងជាគូដណ្តឹងបាត់ខ្លួន គាត់មានការព្រួយបារម្ភ ពីសុវត្ថិភាពគូដណ្ដឹង រហូតមកដល់ពេលនេះ មិនដឹងថា នាងទៅទីណាទេ ហើយគាត់ខ្លាចក្រែងតែនាង លង់ខ្លួនចាញ់បោកនរណាម្នាក់ យកទៅធ្វើបាបនោះទេ ហើយចាប់តាំងពី បានស្រឡាញ់គ្នាមក គឺជិតមួយឆ្នាំហើយ ថែមទាំងមានគម្រោង រៀបការក្នុងពេលឆាប់ៗនេះផងដែរ ។
បើតាមកញ្ញា ស្រីណយ ជាងអ៊ុតសក់ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ ដែលត្រូវជាបងជីដូនមួយ នារីដែលបាត់ខ្លួន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ វេលាម៉ោង ៧និង៣០ នាទីព្រឹក គាត់បានឃើញនាង មកផ្ទះរបស់គាត់ដែរ ប៉ុន្តែមិនចាប់អារម្មណ៍ទេ ដោយគិតថា ប្អូនមកលេងធម្មតា ហើយប្អូនបានប្រាប់ថា មកលេងគូដណ្ដឹង លុះមកដល់ម៉ោង ៩ព្រឹកថ្ងៃដដែល ស្រាប់តែនាងប្រាប់ថា នាងទៅលេងគូដណ្ដឹង នៅស្ទឹងមានជ័យ ហើយមានបុរសម្នាក់ ជិះម៉ូតូមកដល់ឌុប ចេញទៅបាត់លុះល្ងាចឡើង ទូរស័ព្ទមិនចូល ធ្វើឲ្យមានការបារម្ភគ្រប់ៗគ្នា ទើបយករូបថត ទៅប្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែ ឲ្យជួយតាមរក៕