ព្រះសីហនុៈ រថយន្តដឹកសំរាម ក្រុមហ៊ុន ស៊ិនទ្រី
ខេត្តព្រះសីហនុ និងរថយន្តកុងតឺនឺរ បានបុកគ្នា លាន់ឮដូចរន្ទះ ប្រាំងខែចែត្រ
ទាំងព្រលឹមលើផ្លូវជាតិលេខ៤ ។ លោកអនុសេនីយ៍ឯក សេង ចំរើន អធិការរងនគរបាលស្រុក
ព្រៃនប់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អោយដឹងថា
គ្រោះថ្នាក់ចរាចរណ៍នេះ កើត ឡើងកាលពីវេលាម៉ោង ០៥ និង៣០នាទីព្រឹកថ្ងៃទី ០៨
ខែកុម្ភះ ឆ្នាំ២០១៤ ត្រង់ចំនុចចន្លោះបង្គោល គីឡូម៉ែត្រ លេខ ២០៣-២០៤
ក្បែរស្ពានទឹកសាប ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់
ខេត្តព្រះសីហនុ ។
លោកអធិការរងក៏បានបញ្ជាក់អោយដឹងទៀតថា
គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តដឹកកុងតឺន័រក្រុមហ៊ុន NR
(អ្នកបើកបរគេចខ្លួនក្រោយកើតហេតុ)ពាក់ស្លាកលេខ ភ្នំពេញ 3A-6066
ពណ៌សលាយផ្ទៃមេឃ ទិសដៅរាជ ធានីភ្នំពេញ ទៅខេត្តព្រះសីហនុ
លុះមកដល់ចំនុចកើតហេតុក៏បានរេចង្កូតចូលចំណែក ផ្លូវរថយន្តដឹកសំរាម
ក្រុមហ៊ុនស៊ិនទ្រីខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចក់ និត ភេទប្រុស
អាយុ២៦ឆ្នាំ ទីលំនៅក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ
ក្នុងទិសដៅបញ្ច្រាសទិសគ្នា
បណ្តាលអោយខូចខាតក្បាលរថយន្តកុងតឺន័រយ៉ាងធ្ងន់ធ្ងរ
ចំណែករថយន្តស៊ិនទ្រីខូចខាតតិចតួច ហើយមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ។
បច្ចុប្បន្នតំណាងក្រុមហ៊ុនកុងតឺន័របានសំរួលដោះស្រាយ
ជាមួយរថយន្តដឹកសំរាមរួចរាល់ហើយ ៕