រាជធានីភ្នំពេញ ៖
ជនមិនស្គាល់មុខម្នាក់ ទំនងជាខឹងរឿងបបួលស្រីស្នេហ៍ ទៅដេករួមរ័កមិនបាន ក៏ដកកាំភ្លើងបាញ់មេឃចំនួន ៣គ្រាប់ ដើម្បីគំរាមស្រីស្នេហ៍របស់ខ្លួន រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១២និង២០ នាទី
រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅមុខភោជនីយដ្ឋាន បឹងត្របែកជុំមិត្ត ស្ថិតនៅ តាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលឮសូរស្នូរ ផ្ទុះអាវុធខាងលើនេះ មានបុរសម្នាក់ បានជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ មិនចាំស្លាកលេខ ឌុបស្រីម្នាក់មកឈប់ មុខភោជនីយដ្ឋានយីហោ បឹងត្របែកជុំមិត្ត ហើយមានការ ឈ្លោះប្រកែកគ្នាខ្លាំងៗ ដោយមិនដឹងថា មានរឿងអ្វីឲ្យច្បាស់នោះទេ។ ប្រហែលជា ១០នាទី ក្រោយមក ស្រាប់តែឮស្នូរ ផ្ទុះអាវុធផ្ទួនៗគ្នាចំនួន ៣គ្រាប់ រួចបុរសខាងលើ បានជិះម៉ូតូចេញទៅបាត់ ទុកឲ្យស្រីស្នេហ៍របស់ខ្លួន ឈរយំម្នាក់ឯង នៅកន្លែងកើតហេតុ។
បន្ទាប់ពីមានការផ្ទុះអាវុធ នារីជាស្រីស្នេហ៍ បានដើរចេញពីកន្លែងកើតហេតុ បាត់ស្រមោលភ្លាមៗផងដែរ មុនពេលសមត្ថកិច្ចទៅដល់។ នៅកន្លែងកើតហេតុ គេរកឃើញសម្បកកាទូស ចំនួនមួយគ្រាប់ និង ២គ្រាប់ទៀត រកមិនឃើញឡើយ ។ ការផ្ទុះអាវុធនេះ សមត្ថកិច្ចមិនអាចបញ្ជាក់ថា បង្កឡើងដោយសារ បញ្ហាអ្វីឲ្យច្បាស់នោះទេ តែបើតាមការរៀបរាប់ របស់សាក្សីបានសន្និដ្ឋានថា ការផ្ទុះអាវុធនេះ បង្កឡើងដោយសារតែ ជនបង្កខឹងស្រីស្នេហ៍របស់ខ្លួន មិនទៅឡើងឋានសួគ៌ជាមួយ ទើបបញ្ចេញកំហឹង ដោយដកកាំភ្លើង បាញ់មេឃតែម្តងទៅ៕