ខេត្តបាត់ដំបង ៖
សមត្ថកិច្ចអាវុធហត្ថ ខេត្តបាត់ដំបង បានឃាត់ខ្លួនយុវជន ២ នាក់ ពីបទប្រើហិង្សាវាយបុរសម្នាក់ ដោយដំបងមែកដើមផ្កាចំប៉ី ព្រមទាំងគប់ដុំថ្ម បណ្តាលអោយបែកមុខ ចេញឈាមរបួសធ្ងន់ សន្លប់ឈឹងនៅនឹងកន្លែងកើត
ហេតុ កាលពីវេលាម៉ោង ១និង៣០ នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសួនច្បារភ្លោះ ខាងត្បូងវត្តដំរីស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហើយជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅ ។
លោក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស អាវុធហត្ថ ខេត្តបាត់ដំបង បានអោយដឹងថា ក្រោយពីទទួលព័ត៌មាន បង្កហិង្សានៅតាមទីសាធារណៈ កម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ ជួយជនរងគ្រោះ និងដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បន្ទាប់មកស្រាវជ្រាវឃាត់ខ្លួន យុវជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោង ៥រសៀល ថ្ងៃដដែល ក្នុងវត្តដំរីស។
ជនសង្ស័យរួមមាន ទី១-ឈ្មោះ នួន ម៉ៅ ហៅសុភ័ក្ត្រ អាយុ ២១ឆ្នាំ មានរបរជាជាងសំណង់ មានទីលំនៅ ក្នុងភូមិ-សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២-ឈ្មោះ យុន សាយូ អាយុ ២៤ឆ្នាំ ជាសិស្សមានទីលំនៅ ក្នុងភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្នាក់នៅបណ្តោះអាសន្ន ក្នុងវត្តដំរីស ដកហូតវត្ថុតាង មានដំបង ដើមចំប៉ីចំនួន ២មែក។ ចំណែកជនរងគ្រោះ មានឈ្មោះ ស៊ុន អាយុ ៦៣ឆ្នាំ ជាមនុស្សមានវិបល្លាសស្មារតី មានរបួសក្បាលនិងមុខ រស់នៅក្នុងវត្តដំរីស។
យុវជនសង្ស័យឈ្មោះ នួន ម៉ៅ ហៅសុភ័ក្ត្រ បានសារភាពថា ក្រោយពីផឹកស្រាបៀរ ម៉ាកឆ្មាខ្មៅចំនួន ១២កំប៉ុង នៅលើសួនក្បែរអាងទឹក ស្រាប់តែឃើញ តាស៊ុន ដើរពីកើតទៅលិច ពេលនោះឈ្មោះ យុន សាយូ បាននិយាយថា អាម៉ៅ ឯងហ៊ានវាយតានឹងទេ ព្រោះតានេះធ្លាប់គប់អញ និងអ្នកដ៏ទៃ។ ពេលនោះខ្លួនឈ្លើយថា ហ៊ានហើយដើរទៅតាមតាស៊ុន រហូតដល់របងវត្តដំរីស ហើយដាល់មុខគាត់ជាច្រើនដៃ និងធាក់ជាច្រើនជើង រួចដើរមកអង្គុយលើសួន ផឹកស្រាវិញ។
ចំណែកតាស៊ុន បានអង្គុយជេរយ៉ាងចាស់ដៃ បន្ទាប់មកពួកខ្លួន ក៏ទៅវាយតាស៊ុន ទាំង ២នាក់ ហើយអូសឆ្លងថ្នល់ មកលើសួនកាច់មែកផ្កាចំប៉ី វាយលើតាស៊ុន រហូតបែកមុខក្បាល ចេញឈាមសន្លប់ ទើបនាំគ្នាងើបដើរចូល ទៅក្នុវត្តដំរីសវិញ។ លោក ឡាច ប្រុស បានបញ្ជាក់ថា យុវជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ពីបទហិង្សា មានស្ថានទំងន់ទោស បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី៕ ដោយ សុខជា