ខេត្ដកំពង់ធំ ៖ យុវជនពីរនាក់ត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ដកំពង់ធំភ្លាមៗបន្ទាប់ពីជនដៃដល់២នាក់ប្រើពូថៅកាប់បណ្ដាល ឱ្យរបួសធ្ងន់កាលពីវេលាម៉ោង៨និង២០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ ចំណុចភូមិស្រែ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្ដកំពង់ធំ ។
នគរបាលស្រុកប្រាសាទបល្ល័ង្កបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះរ៉ាត ចំរើន អាយុ១៩ឆ្នាំ និងទី២-ឈ្មោះប៉ុក រដ្ឋា អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែ ឃុំ សាលាវិស័យ ត្រូវបានជនដៃដល់ពីរនាក់ បងប្អូនទី១-ឈ្មោះ ពេជ រស្មី និង-ទី២ ឈ្មោះ ពេជ ភារុណ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នាប្រើពូថៅកាប់បណ្ដាលឱ្យ របួសធ្ងន់ ។
នគរបាលបានបន្ដថា ករណីកើតឡើងពី ទំនាស់ពាក្យសម្ដីរវាងក្រុមជនដៃដល់ នឹងជនរងគ្រោះដែលមុនពេលកើតហេតុជនរងគ្រោះទាំងពីរនិងបក្ខពួកម្នាក់ទៀតបានជិះកង់មកដល់មុខផ្ទះជនដៃដល់ ហើយបានឌឺដងពាក្យសម្ដីក្នុងន័យបង្ក ជម្លោះដោយលើកហេតុផលកាលពីក្រុម ជនដៃដល់ដៀមដាមឱ្យពួកគេប៉ុន្មានថ្ងៃមុនក្នុងពេលផឹកស៊ី ។
សាក្សីបន្ដថា ដោយមានការខឹងសម្បា ជនដៃដល់ព្រមទាំងបងប្អូនក៏បានព្រួតគ្នាកាប់លើជនរងគ្រោះបណ្ដាលឱ្យរបួសពីរនាក់និងម្នាក់ទៀតរត់គេចទាន់ ។ ក្រោយ ពីឃើញជនរងគ្រោះដួលសន្លប់ ហើយ ក្រុមជនដៃដល់ក៏បានរត់គេចខ្លួនបាត់ អស់រហូតមកដល់ពេលនេះនគរបាល កំពុងស្វែងរកចាប់ខ្លួនព្រោះមិនពិបាកធ្វើការស្រាវជ្រាវនោះឡើយ ។
បច្ចុប្បន្នជងរងគ្រោះទាំងពីរកំពុង សម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្ដកំពង់ធំ ៕