ខេត្តក្រចេះ ៖
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ក្រុមឈ្មួញ និងមន្ត្រីមានអំណាច យកទៅលក់នៅស្រុកយួន កំពុងបន្តកើតមាន យ៉ាងពេញបន្ទុកដដែល ហើយសមត្ថកិច្ច
ពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ មិនដែលចាត់វិធានការ ទប់ស្កាត់បទល្មើស ប្រកបដោយប្រសិទ្ធភាព ម្តងណាឡើយ ផ្ទុយទៅវិញពួកគេ គឺជាអ្នកឃុបឃិត ឱ្យឈ្មួញធ្វើអ្វីៗតាមតែអំពើចិត្ត។ ចំណែកលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើ ប្រចាំខេត្តនេះ រក្សាភាពស្ងៀមស្ងាត់ មិនដឹងថា ពួកគេទទួលបាន ផលប្រយោជន៍ពីក្រុមឈ្មួញ រកស៊ីឈើខុសច្បាប់ជាប្រចាំ ឬក៏យ៉ាងណានោះឡើយ។
ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកស្នួល ខេត្តក្រចេះ បានឱ្យដឹងថា កន្លងមកធ្លាប់មានការបង្ក្រាប បទល្មើសតិចតួចបំផុត ហើយសមត្ថកិច្ច បង្ក្រាបតែឈ្មួញតូចតាច ដែលគ្មានទំនាក់ទំនង ផ្តល់ប្រយោជន៍ លុយកាក់ឱ្យពួកគេ។ ប្រជាពលរដ្ឋបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចចម្រុះ នៅស្រុកស្នួល បានចុះបង្ក្រាបបទល្មើសដឹកឈើខុសច្បាប់ ដោយចាប់បានរថយន្តមួយគ្រឿង ក្នុងចំណោម ៣គ្រឿង នៅម្តុំភូមិថ្មពុក ឃុំឃ្សឹម ស្រុកស្នួល ដែលដឹកឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម ដើម្បីយកទៅលក់នៅស្រុកយួន ហើយរថយន្តដឹកឈើនោះ គឺជារបស់អ្នកមានអំណាចម្នាក់ ក្នុងខេត្តក្រចេះ ដែលរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ជាយូរឆ្នាំមកហើយ។
ប្រភពបានឱ្យដឹងទៀតថា មេឈ្មួញម្នាក់នោះ ត្រូវប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ ស្គាល់យ៉ាងច្បាស់ គឺឈ្មោះ ថន ប៊ុនធី ហៅធីបាញ់ ដែលមេឈ្មួញម្នាក់នេះ មានការឃុបឃិតគ្នាយ៉ាងរលូន ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងក្រុមនគរបាលសេដ្ឋកិច្ច។ មេឈ្មួញរូបនេះ មិនដែលញញើត ចំពោះការបំពានទៅលើ បទបញ្ជាលេខ០២ ពាក់ព័ន្ធទៅនឹង ការទប់ស្កាត់បទល្មើស បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ធ្វើអាជីវកម្មខុសច្បាប់នោះទេ។ មេឈ្មួញ ថន ប៊ុនធី ហៅធីបាញ់ ត្រូវបានគេដឹងថា ជាមន្ត្រីយោធាដ៏មានអំណាច ខាងរកស៊ីឈើខុសច្បាប់ ក្នុងខេត្តក្រចេះ ហើយមន្ត្រីយោធាជាន់ខ្ពស់ប្រចាំខេត្តនេះ បានធ្វើជាខ្នងបង្អែក ឱ្យបុគ្គលធីបាញ់ ប្រព្រឹត្តបទល្មើស តាមអំពើចិត្តតែម្តង។
ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ បានឱ្យដឹងទៀតថាមេខ្លោង រកស៊ីឈើឈ្មោះ ធីបាញ់ កន្លងមកធ្លាប់ត្រូវបាន សមត្ថកិច្ចធ្វើការបង្ក្រាប តាមរបៀបលេងសើច ឥតប្រយោជន៍ ព្រោះក្រោយពេលបង្ក្រាប តែពីរបីថ្ងៃ មេឈ្មួញរូបនេះ ដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុកដដែល។ មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តក្រចេះ មានទំនាក់ទំនងយ៉ាងល្អ ជាមួយមេឈ្មួញរកស៊ីឈើរូបនេះ ទើបគេចាប់លែងៗ គួរឱ្យអស់សំណើច ហើយប្រជាពលរដ្ឋរិះគន់យ៉ាងណា ក៏គេមិនឈឺក្បាលដែរ។ បញ្ហានេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវពិនិត្យមើល ឡើងវិញជាបន្ទាន់ ព្រោះមួយរយៈពេលចុងក្រោយនេះ មេឈ្មួញ ថន ប៊ុនធី ហៅ ធីបាញ់ និងមេឈ្មួញដទៃទៀត កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួន ទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋបាន រិះគន់ថានាយសង្កាត់រដ្ឋបាលព្រៃឈើ នៅឃុំឃ្សឹម ឈ្មោះ ជាតិ គន្ធពិដោ មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់យកទៅលក់ នៅស្រុកយួន។ កន្លងមកទោះបីឈ្មួញធំៗ ដឹកជញ្ជូនឈើតាមរថយន្ត ឆ្លងកាត់ស្នាក់ការ រដ្ឋបាលព្រៃឈើឃុំឃ្សឹម យ៉ាងគគ្រឹកគគ្រេង ក៏លោក ជាតិ គន្ធពិដោ មិនដែលចាត់វិធានកា រទប់ស្កាត់ដែរ។ បើនិយាយពីតាមបណ្តោយផ្លូវ ឆ្លងកាត់ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ គឺមានស្នាក់ការឈរជើង របស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត ជាច្រើនកន្លែង ប៉ុន្តែបទល្មើសនៅតែ កើតឡើងយ៉ាងពេញបន្ទុកដដែល។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏បានឱ្យដឹងដែរថា បើគ្មានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺមេឈ្មួញ ធីបាញ់ និងឈ្មួញដទៃទៀត មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តឡើយ៕