ខេត្តកំពង់ចាម ៖
រថយន្តដឹកស៊ីទែនសាំងមួយគ្រឿង របស់ក្រុមហ៊ុន ឈន ថារី បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ ដោយបើកបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿង ព្រមទាំងកន្លែងលក់ដូរ នៅពេលធ្វើដំណើរ ចុះពីលើស្ពាន
គីហ្សូណា បណ្តាលឲ្យក្មេងស្រីអាយុ ២ឆ្នាំម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ កាលពីវេលាម៉ោង ១២និង១០ នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅគល់ស្ពាន គីហ្សូណា ម្តុំរង្វង់មូល តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិទី៤ សង្កាត់វាល់វង់ ក្រុង-ខេត្ត កំពង់ចាម។
ហេតុការណ៍នោះ បណ្តាលឲ្យកុមារីម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម និងរបួសធ្ងន់ស្រាល ៧នាក់ ឆេះនិងខូចខាតម៉ូតូ ៩គ្រឿង ដែលក្នុងនោះមាន ម៉ូតូរ៉ឺម៉កកង់ ៣មួយគ្រឿង កង់ ២គ្រឿង រថយន្ត ២គ្រឿង ខូចខាតសម្ភារប្រជាពលរដ្ឋមួយចំនួនធំ។ សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែការធ្វេសប្រហែស និងគ្មានការប្រុងប្រយ័ត្ន របស់អ្នកបើកបរ ឡានដឹកប្រេងរបស់ ក្រុមហ៊ុន ឈន ថារី ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកប្រេង របស់ក្រុមហ៊ុន ឈន ថារី បានបើកបោះពួយយ៉ាងលឿនចុះពីលើស្ពានគីហ្សូណា ស្រាប់តែរថយន្តជ្រុលចង្កូត ទៅបុករះម៉ូតូ រថយន្ត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋតែម្តង។ បន្ទាប់ពីបុករះហើយ រថយន្តបង្កហេតុមិនព្រមឈប់ទេ បានជ្រុលទៅបុកម៉ូតូ និងរថយន្ត បណ្តាលឲ្យផ្ទុះឆេះ និងខូចខាតម៉ូតូ ៨ គ្រឿង និងរថយន្ត ២គ្រឿង ប៉ុន្តែបានរថយន្ត ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាមមកជួយពន្លត់ទាន់ពេល ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល៕