រាជធានីភ្នំពេញ ៖
អ្នកបើករថយន្តតាក់ស៊ីទំនើង បានប្រើដែកទីបគ្រប់ដៃ ព្រួតវាយបុរសម្នាក់ ខណៈដែលបើកថយក្រោយ មិនមានភ្លើងសញ្ញា ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីលេត យ៉ាងពេញទំហឹង រួចរថយន្តកិនពីលើម៉ូតូ បណ្ដាល
ឲ្យបុរសម្នាក់ រងរបួសធ្ងន់ និងបុរសដែលម្នាក់រួមដំណើរ រងរបួសស្រាល ហើយអ្នកបើករថយន្តបង្ក បានទូរស័ព្ទហៅបក្ខពួក មកព្រួវាយបុរសរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ កាល់តិច តាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ ព្រំ ស៊ីដែន អាយុ ២៣ឆ្នាំ ជាសិស្សបានរងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូ ហើយអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល មានឈ្មោះ កោត អាយុ២០ ឆ្នាំ មានមុខរបរបញ្ចូល បទចម្រៀងទូរស័ព្ទ ស្នាក់សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ មុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ី យីហោមហាកំផែង ពាក់ស្លាកលេខ ភ្នំពេញ 2Y-7033 ធ្វើដំណើរតាមបណ្ដាយ ផ្លូវព្រះមុនីវង្ស បើកបរដោយបុរសម្នាក់ ដឹកជនជាតិចិន ក្នុងទិសដៅត្បូងទៅជើង តែជិះហួសគោលដៅរបស់ភ្ញៀវ ហើយរថយន្តក៏បានឈប់ ទម្លាក់ភ្ញៀវចុះនិងបានថយក្រោយ ដើម្បីមកទទួលភ្ញៀវវិញ។
ភ្លាមៗនោះមានបុរស ២នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ូគីលេត ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-7774 ជិះក្នុងទិសដៅពីត្បូងទៅជើង ក៏ត្រូវរថយន្តបង្ក ថយបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងបុរសជាអ្នកបើកម៉ូតូ ចូលទៅក្រោមរថយន្ត រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ។ ខណៈនោះមានការឈ្លោះប្រកែកគ្នា ហើយជនបង្កបានហៅ បក្ខពួករបស់ខ្លួន ជិះរថយន្ត ៥ គ្រឿងទៀត ប្រដាប់ដោយបំពង់ទីបគ្រប់ដៃ វាយបុរសដែលរងរបួសស្រាល ហើយស្រែកថាចោរ រហូតបែកក្បាល ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងហេតុ មកជួយអន្តរាគមន៍ ធ្វើក្រុមជនបង្កទាំងនោះ រត់គេចខ្លួនបាត់ស្រមោល ទុករថយន្ត ៥ គ្រឿងនៅកន្លែងកើតហេតុ៕