រាជធានីភ្នំពេញ ៖
យុវជន ៣នាក់ មានម្នាក់រងរបួសធ្ងន់ធ្ងរ និង ២ នាក់ទៀត រងរបួសស្រាល ដោយសារពួកគេ ជិះម៉ូតូគុបជ្រុងមួយគ្រឿង ឌុបគ្នាយ៉ាងលឿន ហើយគេចពី រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូត បុករបាំងថ្មចែកទ្រូងផ្លូវ
យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៣និង៣០ នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅ ចំណុចជិតគល់ស្ពាន អាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ឌុបគ្នាធ្វើដំណើរ តាមផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចទៅកើត ក្នុង ល្បឿនលឿន ព្យាយាមប្រជែង ជាមួយរថយន្តកូរ៉ូឡាមួយគ្រឿង ដែលកំពុងបើកបរ ស្របទិសគ្នា។ ពេលជិះទៅដល់ ចំណុចកើតហេតុ ពួកគេបានទាញ ចង្កូតម៉ូតូ ប្រជែងខាងឆ្វេងដៃ បណ្តាលឲ្យជ្រុលទៅបុក នឹងរបាំងថ្មចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ដួលគរលើគ្នា រងរបួសធ្ងន់ធ្ងរម្នាក់ និងស្រាល ២នាក់ ហើយម៉ូតូ ក៏រងនូវការខូចខាត យ៉ាងធ្ងន់ធ្ងរផងដែរ៕