ខេត្តព្រះសីហនុ ៖
ទីតាំងដីភ្នំមួយកន្លែង នៅខាងក្រោយស្នងការដ្ឋាននគរបាល ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អាចប្រឈមនឹង ការបាក់ស្រុតរលំគ្រប់ពេលវេលា បើសិនជាក្រុមអ្នកកាយយក
អាចម៍ដី នៅតែបន្តសកម្មភាពអាជីវកម្ម ដោយមិនខ្វល់ពីផលប៉ះពាល់ ធ្វើឲ្យប្រជាពលរដ្ឋ ដែលមានផ្ទះម្បែង ឬស្នាក់នៅក្បែរតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មានការភ័យខ្លាច ចំពោះសកម្មភាព ជីកកកាយដីភ្នំ នៅខាងក្រោយ លំនៅឋានរបស់ពួកគាត់ ពីព្រោះច្រាំងដីភ្នំនេះ វាអាចរលំបាក់ ធ្លាក់សង្កត់មកលើ កូនចៅ ក៏ដូចជាផ្ទះសម្បែង របស់ពួកគាត់ គ្រប់ពេលវេលា ជាពិសេសគឺនៅរដូវវស្សាតែម្តង ដោយសារទឹកភ្លៀង បានហូរច្រោះឥតឈប់ឈរ។ ប្រជាពលរដ្ឋបានអំពាវនាវ ទៅដល់មន្ត្រីថ្នាក់ដឹកនាំខេត្ត សូមមេត្តាចុះមកពិនិត្យ និងមានវិធានការ បញ្ឈប់សកម្មភាព ជីកកកាយដីភ្នំនេះផងដើម្បីធានានិងការពារអាយុជីវិត ផ្ទះសម្បែងរបស់ពួកគាត់ ឲ្យគេចផុតពីរការបាក់ដីសង្កត់ ដែលអាចកើតមានជាយថាហេតុ នៅថ្ងៃណាមួយ។
មន្ត្រីជំនាញម្នាក់បានប្រាប់ឲ្យដឹងថា ទីតាំងដីចង្កេះភ្នំ ដែលកំពុងធ្វើអាជីវកម្ម កាយយកអាចម៍ដីលក់នេះ ជាដីរបស់លោក វ៉ា ឈូដា ជាមន្ត្រីមានបុណ្យសក្ដិធំម្នាក់ រស់នៅរាជធានីពេញ ហើយការជីកកកាយយកអាចម៍ដីនេះ បានកើតឡើងច្រើនខែមកហើយ មិនមានច្បាប់ទម្លាប់អ្វីនោះទេ។ ជុំវិញបញ្ហាខាងលើនេះ មន្ត្រីក្រុមប្រឹក្សាខេត្ត មួយរូបដែលសូម មិនបញ្ចេញឈ្មោះ បាននិយាយថា ការធ្វើអាជីវកម្មជីកឬកាយយកអាចម៍ដីលក់នេះ អាចធ្វើសកម្មភាពបាន លុះត្រាតែមានច្បាប់អនុញ្ញាត ពីមន្ត្រីអង្គភាព ឬក្រសួងពាក់ព័ន្ធ ត្រឹមត្រូវជាមុនសិន ទើបអាចធ្វើបាន មិនមែនចេះតែឃុបឃិតគ្នា ធ្វើការជីកកកាយដីភ្នំ ដោយគ្មានបច្ចេកទេស ដឹកយកទៅលក់ដូរឆៅៗ ធ្វើឲ្យខាតបង់ ចំណូលពន្ធរដ្ឋនោះទេ។
គួរបញ្ជាក់ផងដែរថា នៅលើទឹកដីខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានក្រុមអ្នករកស៊ីកាយយកអាចម៍លក់ មានច្រើនណាស់ ប៉ុន្តែភាគច្រើន មិនមានច្បាប់ទម្លាប់អ្វីនោះទេ តែបើសិនជាមានច្បាប់អនុញ្ញាត គេមិនដែលឃើញមានការ បង់សួយសារអាករ ជូនរដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ ម្តងណាឡើយ។ លោក ប្រាក់ ចាន់រឿន ជាប្រធានមន្ទីរឧស្សាហកម្មរ៉ែ ខេត្តព្រះសីហនុ កំពុងសុខស្រួលក្នុងការ ប្រមូលលុយពីក្រុមឈ្មួញ ធ្វើអាជីវកម្ម ជីកកាយអាចម៍ដី ដោយមិនខ្វល់ពីការ ខាតបង់ចំណូលថវិការជាតិនោះទេ៕