រាជធានីភ្នំពេញ ៖
យុវជន ៣នាក់ ទំនងជាស្រវឹងជោកជាំទាំងថ្ងៃ បានបើកម៉ូតូ សេ១២៥ មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន រេពេញផ្លូវបានជ្រុលទៅបុក នារីម្នាក់ដែលកំពុងជិះកង់ បណ្តាលឲ្យផ្លោងទៅប៉ះម៉ូតូ គុបមួយគ្រឿងទៀត បើកបរដោយ
នារីម្នាក់ បណ្តាលឲ្យដួល រដូករណែល រងរបួសធ្ងន់និងស្រាល ចំនួន ៥នាក់ កាលវេលាម៉ោង ២ និង១៥ នាទី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវមុនីវង្ស មុខបុរីចំការមន ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ ឈ្មោះ ហេង វុទ្ឋី អាយុ ២៦ឆ្នាំ ជាអ្នកបើកម៉ូតូសេ១២៥ បាន រងរបួសធ្ងន់ និងអ្នកជិះពីក្រោយ ២ នាក់ រងរបួសស្រាល ហើយពួកគេទាំង ៣នាក់ ស្នាក់នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះ ដែលជិះកង់ មានឈ្មោះ ចែម សូនីតា អាយុ ២២ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រងរបួសធ្ងន់ ។ ដោយឡែកនារីរងគ្រោះម្នាក់ទៀត ឈ្មោះ កូវ ពៅ អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៤១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1I-0570 រងរបួសស្រាល ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនបង្កបានបើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-9782 មានគ្នា ៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង ពោលគឺបើកចុះ ពីស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនយ៉ាងលឿន រេចង្កូតពេញផ្លូវ ជ្រុលទៅបុកកង់ ជិះដោយនារីម្នាក់ ហើយផ្លោងទៅបុកនឹង ម៉ូតូគុបមួយគ្រឿងទៀត បណ្តាលឲ្យរដូករណែលពេញផ្លូវ ហើយមនុស្ស ចំនួន ៥នាក់ បានរងរបួស ធ្ងន់ស្រាល ត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕