ព្រៃវែង ៖ ប្រជាពលរដ្ឋចុងចោទក្នុងទំនាស់ដីធ្លីនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រតិកម្មមិនទទួលយកតាមសេចក្ដីជូនដំណឹង ឬហៅថា ស.ជ.ណ. របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានសម្រេចឲ្យដើមចោទជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ក្នុងរឿងក្ដីនេះ។
ប្រជាពលរដ្ឋជំទាស់រឿងដីធ្លី ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តបានចុះអនុវត្ត ស.ជ.ណ. ប្រគល់ដីក្នុងទំនាស់នោះ ទៅឲ្យដើមបណ្ដឹងនៅសាលាឃុំកំពង់សឹង ស្រុកព្រះស្ដេច កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៤។
ពលរដ្ឋជាចុងចោទក្នុងរឿងទំនាស់ដីធ្លីនៅខេត្តព្រៃវែង អំពាវនាវសុំឲ្យនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ទៅនឹងសេចក្ដីសម្រេចរបស់ ស.ជ.ណ. នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយវិវាទដីធ្លីឡើងវិញឲ្យមានតម្លាភាព។ ពលរដ្ឋសំអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ដែលមានអាជ្ញាធរភូមិឃុំដឹងដឹងឮលើដីទំនាស់នោះ។
លោក សួស សាំង អាយុ ៦១ឆ្នាំ រស់នៅភូមិ កណ្ដាល នៃឃុំកំពង់សឹង ជាចុងចោទក្នុងទំនាស់ដីធ្លី។ លោកថ្លែងក្នុងទឹកមុខស្រពោនថា រូបលោកបានកាន់កាប់លើផ្ទៃដីដែលមានទំនាស់នោះតាំងពីឆ្នាំ១៩៧៩ រហូតមកទល់ឆ្នាំ២០០៨ កើតមានទំនាស់ប្ដឹងផ្ដល់គ្នាឡើងតុលាការ។ ដោយបណ្ដឹងក្នុងទំនាស់ដីនេះរួមមាននាយកសាលាបឋមសិក្សាព្រះជីធំ និងគណៈកម្មការសាងសង់វត្តព្រះជីធំ ដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ នៅក្នុងបណ្ដឹងចោទប្រកាន់ចុងចោទថា បានបោះបង្គោលរំលោភយកដីកម្មសិទ្ធិរបស់សាលាបឋមសិក្សាព្រះជីធំ។
លោក សួស សាំង ថ្លែងបន្តថា ក្រោយមកនៅឆ្នាំ២០០៩ អយ្យការអមសាលាដំបូងខេត្តព្រៃវែង បានចេញដីកាតម្កល់រឿងទុកឥតចាត់ការលើពាក្យបណ្ដឹងនាយកសាលាឡើយ។ នៅឆ្នាំ២០១០ អាជ្ញាធរស្រុកព្រះស្ដេច ត្រួតពិនិត្យលើបញ្ហាដីទំនាស់នេះ តាមបញ្ជារបស់គណៈអភិបាលខេត្តព្រៃវែង។ក្រោយពីអាជ្ញាធរស្រុកចុះស្រាវជ្រាវ ហើយបញ្ជាក់ថា ដីទំនាស់របស់ចុងចោទមិនជាន់គ្នានឹងដីរបស់សាលារៀនទេ។
លោក សួស សាំង បញ្ជាក់បន្ថែមថា ដើមចោទព្យាយាមរកគ្រប់មធ្យោបាយដើម្បីប្ដឹងដណ្ដើមដីរបស់ខ្លួន គឺតាំងតែពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ ហើយតុលាការសម្រេចឲ្យចុងចោទឈ្នះក្ដីរហូតដែរ។
លោកថា ដូចនេះលោកបដិសេធមិនទទួលយកតាមសេចក្ដីសម្រេច ស.ជ.ណ. របស់ទីស្ដីការគណៈរដ្ឋមន្ត្រីឡើយ៖
«ហើយថ្ងៃមួយនោះបានមកចែកទិញខ្ញុំឲ្យខ្ញុំ ៤លាន អាណាដីមួយគំនរឲ្យ ៤លាន។ ខ្ញុំមិនព្រមលក់ដាក់ពាក្យប្ដឹងយកដីខ្ញុំតែម្ដង។ ទី២ ហៅខ្ញុំ ប្ដឹងខ្ញុំឡើងទៅតុលាការខេត្តដំបូង ហើយខ្ញុំថា ទៅដល់ដឹងម៉េចទេ ហើយទៅដល់ខេត្ត ខេត្តក៏បានកាត់ឲ្យខ្ញុំឈ្នះ។ គេមិនសុខចិត្តគេប្ដឹងទៅសាលាឧទ្ធរណ៍ទៀត សាលាឧទ្ធរណ៍ហ្នឹងកាត់ឲ្យខ្ញុំឈ្នះទៀត។ គេប្ដឹងទៅដល់កំពូល ឥឡូវកំពូលមិនទាន់អាចចេញសម្រេចឲ្យមក ស្រាប់តែយកដីខ្ញុំទទឹងទទែងមកវាស់យកអ៊ីចឹង។ ដូច្នេះខ្ញុំអត់សុខចិត្តទេ ព្រោះដីវត្តមានប្លង់តែ ៤ហិកតារជាងទេ រឿងអីមានដល់ ៥ហិកតារ?»
។
ស.ជ.ណ. លេខ៩៩១ នៃទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានហត្ថលេខារបស់រដ្ឋលេខាធិការ លោកប្រាក់ សុខុន ចុះថ្ងៃទី២២ ឧសភា ឆ្នាំ២០១៣ កន្លងទៅ បានសម្រេចដូចតទៅនេះ៖ ១ ដីរបស់សាលារៀនមានជាក់ស្ដែងទំហំជាង ៥ម៉ឺន១ពាន់ម៉ែត្រក្រឡា (៥១.៥៦៨) ២ បដិសេធរាល់ការទិញ លក់ ផ្ទេរ និងចេញប័ណ្ណកម្មសិទ្ធិនៅដីនេះកន្លងមក ទី៣ បង្គាប់ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រៃវែង សាលាខេត្តព្រៃវែង និងអង្គភាពពាក់ព័ន្ធ រៀបចំបែបបទចេញប័ណ្ណកម្មសិទ្ធិថ្មីឲ្យសាលារៀនទៅតាមដីដែលសាលាមានជាក់ស្ដែងទំហំជាង ៥ម៉ឺន១ពាន់ម៉ែត្រក្រឡា និងទី៤ ចំណែកជនដែលបានទិញដីនេះ គឺជាជនរងគ្រោះនៃអំពើខុសច្បាប់ មានសិទ្ធិប្ដឹងទៅតុលាការដើម្បីទាមទារជួសជុលការខូចខាតនិងសងជំងឺចិត្តតាមផ្លូវច្បាប់ជាធរមាន។
ប្រជាពលរដ្ឋចុងចោទក្នុងទំនាស់ដីធ្លីបដិសេធចំពោះសេចក្ដីសម្រេចរបស់ ស.ជ.ណ. នៃទីស្ដីការគណៈរដ្ឋមន្ត្រីនេះ។
លោក សួស សាំង ថ្លែងបន្តថា ដើមចោទប្ដឹងយកដីក្នុងគោលបំណងដើម្បីយកដីទៅលក់ឲ្យក្រុមអ្នកមានលុយ ដោយសារឃើញគេសម្លឹងដីទំនាស់នោះកំពុងមានហាងឆេងល្អ។
ឆ្លើយតបនឹងបញ្ហានេះ ដើមចោទជាអតីតនាយកសាលាលោក គឹម សុខុម មានប្រសាសន៍បញ្ជាក់ដីដែលមានទំនាស់នោះ ជាដីកម្មសិទ្ធិរបស់សាលាបឋមសិក្សាស្របច្បាប់ ហើយសាលាមានគោលបំណងដើម្បីយកដីនោះទៅសាងសង់ជាសាលាអនុវិទ្យាល័យ។
លោក គឹម សុខុម បញ្ជាក់ថា លោកពុំមែនប្ដឹងយកដីដែលមានទំនាស់ទៅលក់ដូចការលើកឡើង របស់ចុងចោទឡើយ៖
«ហ្នឹងជាដីវត្តបោះសាលាយូរហើយ ហើយខ្ញុំបានធ្វើប្លង់ធ្វើអីត្រឹមត្រូវរួចហើយ។ ខ្ញុំឮព័ត៌មានថា គាត់ប្ដឹងរហូតទៅដល់កំពូលៗកាត់ក្ដីឲ្យគាត់ចាញ់ក្ដីរួចទៅហើយ ឥឡូវនេះ ខ្ញុំដឹងតែប៉ុណ្ណឹងទេ។ តែខ្ញុំ ខ្ញុំប្ដឹងទៅរាជរដ្ឋាភិបាល ព្រោះដីជាដីរបស់សាលារៀនទ្រព្យរបស់រដ្ឋ ខ្ញុំរត់ទៅតាមរាជរដ្ឋាភិបាលហើយ។ វាយឺតយ៉ាវឲ្យខ្ញុំពេក ខ្ញុំត្រូវការអភិវឌ្ឍន៍ដើម្បីឲ្យកូនចៅខ្ញុំបានរៀននៅមូលដ្ឋាន ខ្ញុំចង់បានប៉ុណ្ណឹង គោលការណ៍ធំបំផុត។ ខ្ញុំគោរពទៅតាមដំបូលរាជរដ្ឋាភិបាល ព្រោះខ្ញុំរស់ក្រោមដំបូលច្បាប់ទាំងអស់គ្នា»
។
ទាក់ទងនឹងបញ្ហានេះ មេភូមិកណ្ដាល លោក ពុន តុង មានប្រសាសន៍បញ្ជាក់ថា ដីទំនាស់នេះ ដើមឡើយជាដីរបស់ចុងចោទបានមកកាន់កាប់លើដីនោះជាយូរមកហើយ គឺពុំមែនជាដីកម្មសិទ្ធិរបស់វត្ត ឬសាលារៀនឡើយ៖
«ដីសាលានេះគឺទំនាស់គ្នានេះដី សួស សាំង ដែលកន្លងហើយ គឺវាស់ពីចំណុចដើមត្នោត ឆាកទៅអ៊ីចេះ គឺដីចំណុចសាលារៀន ចាប់ពីត្រឹមភ្លឺទៅក្រោមបាទ! អត់មានមកលើនេះទេ។ គឺដីហ្នឹងបញ្ឆាកនៅខាងលិចសាលាឆទាន ដី សួស សាំង ដែលកន្លងហើយ អ៊ីចឹងគាត់ចេះតែរុករានធ្វើរហូតទៅ»
។
ដីដែលមានទំនាស់មានទីតាំងនៅជាប់ផ្លូវជាតិលេខ១
ឋិតនៅភូមិកណ្ដាល ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
កាលពីឆ្នាំ២០០០ ដីនៅតំបន់នោះពុំមានតម្លៃទេ
ហើយរឿងទំនាស់ដីធ្លីក៏ពុំសូវមានដូចសព្វថ្ងៃនេះដែរ។ ប៉ុន្តែ
ចាប់តាំងពីមានគម្រោងសាងសង់ស្ពានអ្នកលឿងមក
ធ្វើឲ្យដីនៅតំបន់នោះក៏ចាប់ផ្ដើមមានហាងឆេងជាបន្តបន្ទាប់ដែរ។
ដោយបញ្ហានេះ
ធ្វើឲ្យមានទំនាស់ប្ដឹងផ្ដល់គ្នាដណ្ដើមដីជាកម្មសិទ្ធិក៏កើត
ឡើងឲ្យឃើញជាហែហូររហូតមក៕
 |
| សកម្មភាពរបស់អាជ្ញាធរពេលចុះអនុវត្តសេចក្ដីជូនដំណង (ស.ជ.ណ.)
របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះវាស់វែងប្រគល់ដីទៅឲ្យភាគីដើមចោទ
នៅភូមិកណ្ដាល ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង
កាលពីរសៀលថ្ងៃទី២១ កុម្ភៈ ២០១៤។ |