ខេត្តកំពង់ឆ្នាំង ៖
បុរសចំណាស់ម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីកូនចុង បានប្តឹងចោទប្រកាន់ ពីករណីចាប់រំលោភ បានសំរេចចំនួន ៥ ដង អំឡុងខែមករា ឆ្នាំ២០១៤ នៅក្នុងផ្ទះរបស់ជនជាប់ចោទ ស្ថិតក្នុងភូមិ-ឃុំ ស្វាយរំពារ ស្រុក
កំពង់លែង ខេត្តកំពង់ឆ្នាំង និងគំរាមធ្វើបាបនាង ប្រសិនបើប្រាប់រឿងនេះ ឲ្យអ្នកដទៃបានដឹង។
សមត្ថកិច្ចបានអោយដឹងថា ជនជាប់ចោទ មានឈ្មោះ ភុំ ផៃ អាយុ ៦៣ឆ្នាំ ចំណែកកុមារីរងគ្រោះ មានអាយុ ១៥ឆ្នាំ ជាកូនទី៣ ក្នុងគ្រួសារដែលមាន បងប្អូនបង្កើត ៤នាក់។ ជនសង្ស័យ បានសារភាពថា គាត់ពិតជាបានរួមរ័ក ជាមួយកូនចុង បានសំរេចចំនួន ៥ដង នៅពេលយប់ ជាបន្តបន្ទាប់ពិតមែន នៅអំឡុងខែមករា ដោយពុំបានចាំថ្ងៃទេ ។ ប៉ុន្តែក្នុងការរួមរ័កម្តងៗ នាងមិនបានរើបម្រះ ឬប្រកែកតវ៉ាអ្វីឡើយ។
បន្ទាប់មកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ គាត់បានផឹកស្រាស្រវឹង លុះពេលមកដល់ផ្ទះ គាត់ក៏បានឃើញនាងអង្គុយ និយាយជាមួយចាស់ៗ ក្នុងភូមិ ៣ទៅ៤ នាក់នៅក្នុងផ្ទះ។ ពេលគេចេញទៅវិញអស់ គាត់ក៏សួរនាំ និងរករឿងនាង ព្រោះតែខ្លាចនាង និយាយរឿងរ៉ាវប្រាប់គេ ហើយក្រោយមកនាងខឹង ក៏បាននិយាយរឿងរ៉ាវទាំងអស់ ប្រាប់ម្តាយនាង និងប្តឹងអោយសមត្ថកិច្ច ចាប់ខ្លួនតែម្តង។
កុមារីរងគ្រោះបានបំភ្លឺថា ពេលឪពុកចុង ចាប់រំលោភម្តងៗ គឺគាត់បានគំរាមកំហែង មិនអោយប្រាប់អ្នកណាឡើយ បើហ៊ានប្រាប់ គាត់នឹងវាយធ្វើបាប។ ក្រោយពីឪពុកចុង ចាប់រំលោភ នាងលើកទី១ នាងក៏បានសុំទៅធ្វើការ នៅរោងចក្រផងដែរ តែគាត់គំរាមមិនអោយ ចេញទៅណាឡើយ ក្រោយមកគាត់បាន ចាប់រំលោភ នាងជាបន្តបន្ទាប់ នៅពេលយប់ បានសំរេចចំនួន ៥ដង៕