ភ្នំពេញ ៖ ក្រុមអ្នករត់ម៉ូតូឌុបក៏ដូចជារ៉ឺម៉កកង់៣ដែលឈប់សំចតរង់ចាំម៉ូយនៅតាមបណ្ដោយផ្លូវជាតិលេខ១ទល់ មុខច្រកចូលបុរីប៉េងហួតបានអះអាងថា ការដ្ឋានសំណង់ក្រសួងបរិស្ថានបានផ្អាក សាងសង់រយៈពេលជិត៦ខែមកហើយ ដោយឮគេនិយាយថា អគារនេះត្រូវបានផ្ទេរទៅឱ្យជនជាតិចិនដែលយកទៅ ធ្វើជាសណ្ឋាគារឬមន្ទីរពេទ្យ ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងរយៈពេលប៉ុន្មានខែនេះមិនឃើញកម្មករដំណើរការសាងសង់អគារនេះបន្ដទៀតទេ ។ ក្រសួងបរិ ស្ថានសម្លឹងទៅរកទីកន្លែងថ្មីដែលមាន លក្ខណសម្បត្ដិងាយស្រួលជាង ។
រដ្ឋមន្ដ្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានឱ្យដឹងនៅក្នុងបណ្ដាញទំនាក់ ទំនងសង្គមរបស់លោកថា គម្រោងសង់អគារថ្មីនៃក្រសួងបរិស្ថាន ដែលឋិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យដែលកំពុងសាងសង់ បានមួយចំនួននោះត្រូវបានបោះបង់ចោល ដោយផ្ទេរមកទីតាំងថ្មីនៅក្បែរតំបន់កោះពេជ្រឯណេះវិញ ។ លោកបញ្ជាក់ថា នេះគឺ“ដើម្បីជាការបំពេញសេចក្ដីត្រូវការជាក់ស្ដែងរបស់ក្រសួងបរិស្ថាន” ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា អគារចាស់នៃក្រសួងបរិស្ថានឋិតនៅតាម បណ្ដោយផ្លូវព្រះសីហនុ ជិតផ្សារកាប់ គោមិនអាចបំពេញសេចក្ដីត្រូវការរបស់ ក្រសួងតទៅទៀតបានទេ ពោលគឺក្រសួង ត្រូវការទីតាំងធំទូលាយជាងនេះ ។ លោកបន្ដថា ក្រសួងបរិស្ថានមិនទាន់សម្រេច គម្រោងនៅឡើយទេ តែការចំណាយលើ ការសាងសង់ត្រូវតែទាបតាមដែលអាច ធ្វើទៅបាន ។ លោកបញ្ជាក់បន្ថែមថា ទីតាំងក្រសួងចាស់មិនដឹងយកទៅធ្វើអ្វីនោះឡើយ ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព មានប្រសាសន៍ថា គម្រោង សាងសង់អគារដែលឋិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ១មិនងាយស្រួលសម្រាប់ ការធ្វើដំណើរ និងអាចធ្វើឱ្យការងាររបស់ ក្រសួងមិនមានប្រសិទ្ធភាព ។ ដូច្នេះទើប ក្រសួងបោះបង់គម្រោងនោះចោល ។
លោកបានបញ្ជាក់ថា “វាជាការសម្រួល ដល់ចរាចរណ៍ ដោយសារទីនោះមាន ចម្ងាយពី៦ទៅ៧គីឡូម៉ែត្រ ។ ប្រសិនបើ ស្ទះការធ្វើដំណើរអាចគុណនឹង២និង៣ ។ បញ្ហានេះអាចបង្កការលំបាកដល់ក្រសួងហើយពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារ ជាពិសេសដៃគូក្រសួងនិងស្ថាប័នពាក់ ព័ន្ធ” ។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងបន្ដថា គម្រោងសាងសង់អគារថ្មីនៅក្បែរក្រសួង ការបរទេសសម្រេចរួចហើយនូវការគូស វាសប្លង់ ហើយការសាងសង់អាចចាប់ ផ្ដើមក្នុងរយៈពេល១ខែខាងមុខ ដោយ គ្រោងចំណាយថវិកាមិនក្រោម៥លាន ដុល្លារអាមេរិកទេ ។
ពាក់ព័ន្ធទៅនឹងទីតាំងដែលទើបនឹង សាងសង់ហើយត្រូវបោះបង់ទៅវិញនោះ លោកសៅ សុភាពមិនអាចបញ្ជាក់បាន ថាតើអគារដែលបោះបង់ចោលនោះនឹងយកទៅធ្វើអ្វីនោះទេ ប៉ុន្ដែក្រសួងបាន ប្រគល់ទៅឱ្យក្រុមហ៊ុនសាងសង់វិញហើយ ។
តាមគេហទំព័រក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងសាងសង់អគារថ្មីក្រសួង បរិស្ថាននៅលើទីតាំងដីមាត់ច្រាំងទន្លេ បាសាក់ចន្លោះស្ពាននាគកោះពេជ្រនិងស្ពានតន្ដ្រី ។
សាធារណមតិមួយចំនួនមើលឃើញថា អគារដែលបានសាងសង់ហើយបោះ បង់ចោលទៅវិញនោះត្រូវបានផ្ដួចផ្ដើម និងសាងសង់ជំនាន់លោកទេសរដ្ឋមន្ដ្រី ម៉ុក ម៉ារ៉េត ។ អាចមានហេតុផលអ្វីផ្សេង ទើបលោករដ្ឋមន្ដ្រី សាយ សំអាល់ មិនព្រមរើក្រសួងទៅទីតាំងដែលលោកទេស រដ្ឋមន្ដ្រីលោកម៉ុក ម៉ារ៉េតរៀបចំហើយ នោះ ៕