សហរដ្ឋអាមេរិក ៖
តាំងពីយូរមកហើយអ្នកផងទាំងពួងបានគិតថា ប្រើរំពាត់ចំពោះកុមាររពឹសរឹងរូស នឹងធ្វើឲ្យវាប្រែជាខ្លាចស្តាប់បង្គាប់ ។ តែការស្រាវជ្រាវ១ថ្មីៗនេះបានបង្ហាញថា រឿង
នេះមានគ្រោះថ្នាក់ជាងមានប្រយោជន៍ ។ លទ្ធផលប្រមូលបានពីការស្រាវជ្រាវធំមួយរបស់សាកលវិទ្យាល័យ Columbia នៅក្រុងញូវយ៉កបានឲ្យដឹងថា កុមារត្រូវវាយពេលអាយុ ៥ ឆ្នាំ ច្រើនប្រែគឃ្លើន ហើយថ្ងៃក្រោយវាស្តែងចេញគ្មានវិន័យនៅសាលារៀន និងខ្សោយខាងពាក្យពេចន៍ជាងកុមារដទៃ ។
ថ្វីត្បិតភស្តុតាងទាំងឡាយបញ្ជាក់ពីគ្រោះថ្នាក់ របស់ការប្រើប្រាស់រំពាត់កាន់តែកើនឡើង តែវានៅតែត្រូវបានចាត់ទុកជាវិធីពត់កូនរបស់ឪពុកម្តាយជាច្រើន ។ ប៉ុន្តែលទ្ធផលប្រមូលបានពីការស្រាវជ្រាវនេះបង្ហាញថា អាណាព្យាបាលចាំបាច់ត្រូវពិនិត្យមើលឡើងវិញ វិធីប្រើរំពាត់ក្នុងការប្រដៅកូនរបស់ខ្លួន ។
ការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រ ត្រូវបានអនុវត្តដោយមានការចូលរួមរបស់កុមារ ១៩០០ នាក់ មកពីទីក្រុងចំនួន ២០ របស់អាមេរិក ។ ពួកអ្នកស្រាវជ្រាវប្រមែប្រមូលទិន្នន័យពីរឿងឪពុកម្តាយមានវាយកូន ឬអត់ និងកម្រិតជាប្រចាំយ៉ាងដូចម្តេចពេលកុមារមានអាយុពី ៣ ទៅ ៥ ឆ្នាំ ។ ពួកអ្នកស្រាវជ្រាវក៏កត់ត្រាទង្វើទ្រើសឃ្នងរបស់កុមារ និងអាកប្បកិរិយារបស់វាក្រោយពេលត្រូវវាយ ។
តួលេខប្រមូលបានបង្ហាញថា មាន ៥៧% នៃមាតា និង ៤០% ឪពុក ឲ្យដឹងថា ពួកគេបានធ្លាប់វាយកូនពេលវាមានអាយុ ៣ ឆ្នាំ ។ អត្រានោះថយចុះនៅ ៥២% នៃមាតា និង ៣៣% ឪពុក វាយកូននៅអាយុ ៥ ឆ្នាំ ។ រឿងគួរឲ្យបារម្ភ គឺនៅអាយុ ៥ ឆ្នាំ កុមារប្រែជាគឃ្លើន និងប្រព្រឹត្តអាក្រក់ជាង ក្រោយពេលត្រូវវាយ ។
កុមារត្រូវវាយនៅអាយុ ៥ ឆ្នាំ ក៏ត្រូវឥទ្ធិពលដល់សមត្ថភាពពាក្យពេចន៍របស់កុមារ ។ លទ្ធផលប្រមូលបានពីលំហាត់ត្រួតពិនិត្យរបស់កុមារចូលរួម ១៩០០០ នាក់ បង្ហាញថា កុមារត្រូវវាយជាប្រចាម ពេលអាយុ ៥ ឆ្នាំ មាននិន្នាការទទួលបានពិន្ទុទាបជាង ក្នុងលំហាត់ត្រួតពិនិត្យពាក្យពេចន៍ ពេលវាអាយុ ៩ ឆ្នាំ ៕