រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់ត្រូវរថយន្តបែនដឹកដី បើកបុកហើយកិន អូសម៉ូតូជាច្រើនម៉ែត្រ បណ្តាលឲ្យរងរបួស បាក់ដៃ បាក់ជើងខាងស្តាំ ខណៈដែលកំពុងធ្វើដំណើរ ចេញពីរោងចក្រ វិលត្រឡប់ ទៅហូបបាយថ្ងៃត្រង់នៅផ្ទះ កាលពីវេលាម៉ោង
១១និង៣០ នាទីព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវលំ ខាងលិចកែងរបងវត្ត ស្រះស្រង់ ក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ទន់ រីម ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មការនី នៅក្រុមហ៊ុន រោងចក្រកាត់ដេរ យីហោ ជីមលី មានទីលំនៅ ក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជនរងគ្រោះ បានចេញពីធ្វើការ វិលត្រឡប់ទៅផ្ទះវិញ ដើម្បីហូបបាយថ្ងៃត្រង់ ដោយជិះម៉ូតូ មួយគ្រឿងម៉ាក សេ១២៥ សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-4262 ជិះម្នាក់ឯង ពីត្បូងទៅជើង។
ស្រាប់តែមានរថយន្ត បែនកង់៦ មួយគ្រឿង ពណ៌ខៀវ ឆ្នូតស ពាក់ស្លាកលេខ ក 8012 -ភព3 ដឹកដីពេញរថយន្ត បើកពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ រថយន្តបែជាបើកសរសៀរ ខាងឆ្វេងដៃទៅបុកនិងកិនពីលើម៉ូតូ ជាប់ក្រោមកង់រថយន្ត បណ្តាលឲ្យ ស្ត្រីរងគ្រោះផ្លោងខ្ទាត ដល់ខាងក្រោយរថយន្ត រងរបួសបាក់ដៃ និងបាក់ជើងខាងស្តាំ ។ ភ្លាមៗនោះអ្នកបើកបររថយន្ត បានដាក់មេផាយ រត់បាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ៕