កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ និងក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានបណ្ដេញបាតុករគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ចេញពីទីលានប្រជាធិបតេយ្យហើយនៅម៉ោងជាង ១១ព្រឹកនេះ។ បន្ទាប់ពីបណ្ដេញបាតុករ ក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានរុះរើរោងស្នាក់ និងប្រមូលសម្ភារៈដែលនៅសេសសល់ចេញពីទីលានប្រជាធិបតេយ្យ។
ចាប់តាំងពីម៉ោង ១០ព្រឹកថ្ងៃទី៤ ខែមករា នេះ កងកម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ ដែលប្រដាប់ដោយខែល និងដំបងឆក់ ប្រមាណ ១ពាន់នាក់ បានឡោមព័ទ្ធទីលានប្រជាធិបតេយ្យ ដើម្បីបណ្ដេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ។ កម្លាំងចម្រុះទាំងនោះ បានរារាំងមិនអោយមានពលរដ្ឋបន្ថែមទៀតអោយចូលទៅកាន់ទីលានប្រជាធិបតេយ្យ។
ការឡោមព័ទ្ធទីលានប្រជាធិបតេយ្យនៅពេលនេះ គឺកើតឡើងភ្លាមៗបន្ទាប់ពីសាលារាជធានីភ្នំពេញ ចេញបម្រាមមិនអោយគណបក្សសង្គ្រោះជាតិ បន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យទៀតឡើយ។
សាលារាជធានីភ្នំពេញ បានហាមមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យគណបក្សនេះបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ឡើយ។
សាលារាជធានីភ្នំពេញ បានសរសេរថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសកម្មភាពអុចអាលញុះញង់នានា បាននាំទៅដល់ការបង្កឲ្យមានអំពើហិង្សា បាត់បង់អាយុជីវិតមនុស្ស ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
ទន្ទឹមនឹងគ្នានេះ បាតុករមួយចំនួនដែលចេញពីទីលានប្រជាធិបតេយ្យ ដោយរួមទាំងព្រះសង្ឃខ្លះផង ក៏បានធ្វើសកម្មភាពខុសច្បាប់ និងអុកឡុកតាមដងផ្លូវ តាមរោងចក្រ និងតាមស្ថាប័នរដ្ឋនានា ដោយគ្មានការគ្រប់គ្រង និងទទួលខុសត្រូវពីសំណាក់អ្នកដឹកនាំបាតុកម្មឡើយ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
source : rfa