លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ បានដើរចូលបន្ទប់ចៅក្រមស៊ើបសួរហើយ
នៅម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ខណៈលោក កឹម សុខា
បានបព្ចាប់។
លោក សម រង្ស៊ី បានមានប្រសាសន៍មុននិងចូលបំភ្លឺ ថា លោកមិនមានការព្រួយបារម្ភ ពីការចាប់ឃាត់ខ្លួនលោកនោះទេ។
សេចក្តីរាយការណ៏បានបញ្ជាក់ឲ្យដឹងដែរថា នៅពេលនេះ លោក កឹម សុខា
បានដើរចេញពីក្នុងតុលាការទៅជួបក្រុមសកម្មជន
និងអ្នកគំាទ្រដែលរង់ចំាតាមដានព្រឹត្តិការណ៏នេះនៅខាងក្រៅ
សាលាដំបូងរាជធានីភ្នំពេញ ហើយទំនងរង់ចំារហូតដល់បញ្ចប់ការសាកសួរលោក សម
រង្ស៊ី ។
នៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ មានសកម្មជនអ្នកគាំទ្រ
ជាច្រើននាក់ បានលើកបដា ស្រែកទាមទារយុត្តិធម៌ និងគាំទ្រលោកសម រង្ស៊ី
និងលោកកឹម សុខា។ កំណាត់ផ្លូវ នៅមុខតុលាការ ជាប់ស្តាតអូឡាំពិក
នៅព្រឹកនេះ ត្រូវបានបិទចរាចរណ៍ ជំនួសដោយក្រុមអ្នកគាំទ្រ
និងកងកម្លាំងសមត្ថកិច្ច។ តែមិនមានអំពើហិង្សា ឬក៏បណ្ដេញក្រុមអ្នកតវ៉ា
ចេញពីមុខតុលាការទេ។
ជាមួយគ្នានោះ គេក៏បានឃើញវត្តមាន
របស់ក្រុមសកម្មជនសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជាច្រើនរូប
ឈរនៅត្រៀបត្រា ចូលរួមសង្កេតការណ៍ និងតាមមើលដំណើរការ ចូលតុលាការ
របស់មេបក្សប្រឆាំងផងដែរ។ ប៉ុន្តែនៅព្រឹកនេះ គេមិនឃើញវត្តមាន
របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស
របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស
ប្រចាំកម្ពុជា នៅមុខតុលាការ ក្នុងពេលលោកសម រង្ស៊ី និងលោក កឹម
សុខា ចូលបំភ្លឺតុលាការនោះទេ។
ជាការកត់សម្គាល់ ក្នុងពេលលោកសម រង្ស៊ី និងលោកកឹម សុខា
ចូលបំភ្លឺតុលាការ គឺលោករ៉ុង ឈុន
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញពីតុលាការ អមដោយមេធាវី ៥
រូប។ លោករ៉ុងឈុន ដែលជាប់ចោទ
ពីបទចោទប្រកាន់ដូចគ្នានឹងមេដឹកនាគណបក្សប្រឆាំង គឺបទ
ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ
ប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕