រ៉ឺម៉កកង់បីម៉ូតថ្មីប្រមាណជា៦គ្រឿង ត្រូវបានដាក់ឲ្យចរាចរណ៍នៅរាជធានីភ្នំពេញ ក្នុងពេលថ្មីៗនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍បរទេសបន្ថែមទៀត។
រ៉ឺម៉កម៉ូតថ្មីនេះ មានរាងមូលដូចពងក្រពើ មានច្រើនពណ៌សម្រាប់ជ្រើសរើស និងមានដំបូលដូចរ៉ឺម៉កកង់បីស៊េរីចាស់ដែរ តែមានពូកក្រាស់ទន់ងាយស្រួលសម្រាប់ភ្ញៀវអង្គុយ។រ៉ឺម៉កកង់បីម៉ូតថ្មី មានតម្លៃប្រហែលជា១៨០០ដុល្លារសហរដ្ឋអាមេរិក ដែលតម្លៃនេះ ខុសគ្នាពីរ៉ឺម៉កកង់បី ស៊េរីចាស់ប្រហែល ជា៥០០ទៅ៨០០ដុល្លារ ។
លោក ជា ហេង អាយុ៣៨ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីនៅម្ដុំមាត់ទន្លេ ឲ្យដឹងថា រ៉ឺម៉កកង់បីស៊េរី ថ្មីនេះ ទើបនឹងចេញរយៈពេលមួយខែ ឬពីរខែចុងក្រោយនៃឆ្នាំ២០១៣នេះទេ។ លោកបន្ដថា ក្រុមហ៊ុនEZECOM បានកម្មង់រម៉កចំនួន៦គ្រឿងនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនសម្ភារៈផ្សេងៗក្នុងក្រុមហ៊ុនរបស់ខ្លួន តែប្រជាពលរដ្ឋ៣ ឬ៤នាក់ បានទិញសម្រាប់មុខរបររត់កង់បីរបស់ពួកគាត់។
អ្នករត់កង់បីនៅម្តុំមាត់ទន្លេម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងដែរថា ភ្ញៀវដែលជាជនជាតិបរទេសចូលចិត្តធ្វើដំណើរតាមរ៉ឺម៉កកង់បីស៊េរីថ្មីនេះ ពីព្រោះងាយស្រួលជិះ ពូកទន់ ត្រជាក់ មិនសូវរលាក់ដោយសារបូមរ៉ឺម៉កទន់ និងអាចដាក់មនុស្សបានតែ៣ ឬ៤នាក់តែប៉ុណ្ណោះ៕
Source : VOD