បាត់ដំបង៖ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៤នៅចំណុចភូមិកម្មករសង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង ចោរម្នាក់ក្នុងចំណោម២នាក់អស់លក្ខណ៌ដោយប្លន់ម៉ូតូគេមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់
។
បើតាមប្រភពពីមន្ត្រីនគរបាលការិយាល័យកម្រិតធ្ងន់ម្នាក់បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់មានឈ្មោះ
នឿន វណ្ណា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តរំដួលសង្កាត់ចំការសំរោងក្រុង បាត់ដំបង(ចាប់ខ្លួនបាន)និងម្នាក់ទៀតឈ្មោះ
ឡុង ភេទប្រុសអាយុជាង២០ឆ្នាំ(រត់គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះមានទី១ឈ្មោះ
ឡាប ស្រីពេជ្រ ភេទស្រីអាយុ១១ឆ្នាំ ទី២ ឈ្មោះ ឡាប អ៊ីនីន
ភេទស្រីអាយុ១០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបង។
ប្រភពខាងលើបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង៨យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៤នៅចំណុចភូមិ កម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង មានបុរស់២នាក់បានជិះម៉ូតូម៉ាកវីវ៉ា១គ្រឿងកៀងម៉ូតូក្មេងស្រី២នាក់ ផ្តួលខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវត្រឡប់ទៅផ្ទះវិញ រួចទះកំផ្លៀងវាយដណ្តើមយកម៉ូតូម៉ាកគ្លិកពណ៌ខ្មៅស៊ើរីឆ្នាំ២០១៤ តែត្រូវក្មេងស្រីនោះបានកាន់ដៃម៉ូតូជាប់មិនព្រមឲ្យហើយបាន ស្រែកខ្លាំងៗឲ្យគេជួយ
ភ្លាមៗនោះអ្នកជិតខាងឮសូរ ក៏បានចេញមកជួយក៏ចាប់បានចោរម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា បុរសម្នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូមានគ្នា២នាក់បានធ្វើសកម្មភាពគៀងបម្រុង សម្លុត(ប្លន់)យកម៉ូតូពីក្មេងរងគ្រោះទាំង២នាក់ពិតប្រាកដមែន តែដោយសារខ្លួនដួលម៉ូតូ
ហើយក្មេងរងគ្រោះបានស្រែកថាចោរៗ ភា្លមៗនោះក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានតែម្តង ចំណែកបក្ខពួកម្នាក់បានជិះម៉ូតូគេចខ្លួនបាត់។
ជនសង្ស័យសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
ហេង ឡុង
