ខេត្តក្រចេះ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត លោកស្រី ហេង ផល្លា នៅថ្ងៃទី៧ មករា ២០១៤ នេះបានសម្រេចឃុំខ្លួន យុវជន២នាក់ក្នុងចំណោមបក្សពួក៣នាក់ទៀត នៅពន្ធនាគារខេត្ត ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា និងលួចមានស្ថានទម្ងន់ទោស ក្រោយពីជនទាំង២នាក់នេះ និងបក្សពួកប្រដាប់ដោយដាវសាំមួរ៉ៃ ព្រួតគ្នាកាប់លើជនរងគ្រោះដាច់ ដៃម្ខាង និងលួចយកអាយផេតមួយគ្រឿងទៀត។
អំពើហិង្សានេះបានកើតឡើងក្នុងពិធីមង្គលការ មួយនៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី ៣ មករា ដោយនគរបាលសន្និដ្ឋានថា អាចបណ្តាលមកពីរឿងគំនុំដណ្តើមស្រីស្នេហ៍។
នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាននិយាយថា ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះវង់ អ៊ាងលី អាយុ២៤ឆ្នាំ មានទីលំនៅឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះសោ ចាន់ណារី ហៅចាវ អាយុ១៧ឆ្នាំ រស់នៅឃុំស្នួល ស្រុកស្នួល។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃកើតហេតុ បន្ទាប់ពីបញ្ចប់កម្មវិធីរាំរែកក្នុងពិធីមង្គលការរួច ជនសង្ស័យទាំង២នាក់បានព្រួតគ្នាដេញស្ទាក់កាប់ជនរងគ្រោះឈ្មោះ សាន ស្នេហា អាយុ២៤ឆ្នាំ មានទីលំនៅភូមិរាជនុគោល ក្រុងស្ទឹងត្រែងបណ្តាលឱ្យដាច់ដៃខាងស្តាំត្រឹមក.ដៃជ្រុះមកលើ ដី ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះហើយជនដៃដល់បានឆក់យកអាយ ផេតរបស់ជនរងគ្រោះនាំគ្នារត់គេចខ្លួន តែត្រូវកម្លាំងនគរបាលស្រុកស្នួលស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់។
ប្រភព កោះសន្តិភាព