ខេត្តសឹ្ទងត្រែង ៖
មានសេចក្តីរាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលចេញពីក្រុមអាជីវករលក់ដូរ ត្រង់ចំណុចកំពង់សាឡាង ក្រុងសឹ្ទងត្រែងបានឲ្យដឹងថា សព្វថ្ងៃមានមន្ត្រីឈ្មោះ ស៊ុន នូសិទ្ធ
ជាកូនចៅផ្ទាល់របស់លោក ម៉ា ចារម្យ នាយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសឹ្ទងត្រែង មន្ត្រីរូបនេះ បានប្រើប្រាស់អំណាច និងតួនាទីរកស៊ីទិញលក់ឈើផង ដើរប្រមាញ់ចាប់ឈើពីអ្នករកស៊ីដទៃទៀតផង និងគាបឲ្យឈ្មួញរកស៊ីឈើបង់លុយឆៅៗផង និងយកអំណាចលោក ម៉ៅ តារា មេប៉ូលីសខេត្តស្ទឹងត្រែង កាងជំនួញឈើខុសច្បាប់ផង។
លោក ស៊ុន នូសិទ្ធ ល្បីឈ្មោះជាយូរមកហើយក្នុងការកាងជំនួញឈើខុសច្បាប់ ឲ្យឈ្មួញទាំងតូចទាំងធំ មិនដែលមានផលរមាស់អ្វីទេ ក៏ព្រោះតែលោក ស៊ុន នូសិទ្ធ មានទំនាក់ទំនងល្អជាមួយជំនាញរដ្ឋបាលព្រៃឈើ ហើយជាញឹកញាប់ឈ្មួញធំៗបានពឹងអាស្រ័យឲ្យលោក ស៊ុន នូសិទ្ធ ជួយកាងក្បួនឡាន ដឹកជញ្ជូនឈើរបស់ពួកគេឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ។ ក្នុងនាមជាអ្នករត់ការឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់លោក ស៊ុន នូសិទ្ធ បានប្រើអំណាច និងស្បែកជានគរបាលសេដ្ឋកិច្ចក្នុងការបែងចែកផលប្រយោជន៍ឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញតាមដងផ្លូវច្រើនស្អេកស្កះ ហើយមន្ត្រីមួយចំនួន ចេះតែមានការយោគយល់ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធដូចគ្នា ។
ប្រភពចំណូលរបស់លោក ស៊ុន នូសិទ្ធ មានច្រើនណាស់ដូចជាការចាត់តាំងមន្ត្រីនគរបាលក្រោមឱវាទឲ្យចុះដាក់ប៉ុស្តិ៍ជជុះយ៉ាងប្រសេចប្រសាច តាមដងផ្លូវទឹក និងតាមផ្លូវគោកប្រមូលលុយពីឡានដឹកជញ្ជូនឈើខុសច្បាប់ផងដែរយកលុយច្រកហោប៉ៅ ។ ហើយសម្រាប់ការជួយសម្របសម្រួលរត់ការ ឲ្យក្រុមឈ្មួញធំៗ ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តស្ទឹងត្រែង បានដោយរលូនល្អគ្មានឧបសគ្គក៏លោក ស៊ុន នូសិទ្ធ ទទួលបានផលប្រយោជន៍ច្រើនជាងថ្នាក់លើរបស់គាត់ទៅទៀត។ នេះមិនទាន់គិតដល់ករណីដែលលោក ស៊ុន នូសិទ្ធ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ផ្ទាល់ខ្លួននៅឡើយទេ ព្រោះរៀងរាល់ថ្ងៃគេសង្កេតឃើញលោក ស៊ុន នូសិទ្ធ មានវត្តមានបើករថយន្តនាំមុខឡានដឹកឈើម្តងៗ ៥ទៅ១០ គ្រឿង មកពីស្រុកថាឡាបរិវ៉ាត់ ឆ្លងតាមសាឡាងចូលក្នុងខេត្តស្ទឹងត្រែងយ៉ាងរំភើយដែលលោក ស៊ុន នូសិទ្ធ ប្រកបរបរនេះច្រើនជំនាន់លោកស្នងការមកហើយ។
ប្រភពព័ត៌មានពីឈ្មួញរកស៊ីឈើគ្រញូងបានប្រាប់តាមទូរស័ព្ទថា មន្ត្រីប៉ូលិសឈ្មោះ ស៊ុន នូសិទ្ធ រូបនេះកាងឈើឲ្យឈ្មួញរកស៊ីទិញឈើខ្លួនឯងផង និងដើរបង្ខំឲ្យពួកឈ្មួញបង់លុយឆៅៗផងដោយយកឈ្មោះលោក ម៉ៅ តារា ស្នងការប៉ូលីសខេត្តស្ទឹងត្រែងមកកាងរបរខុសច្បាប់របស់ខ្លួនដូចដែលស្នងការមុនៗត្រូវបានលោក ស៊ុន នូសិទ្ធ យកឈ្មោះមកកាងដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងបែងចែកជូនថ្នាក់លើ ។
រម្លឹកដល់សកម្មភាពនៃរថយន្តទំនើបម៉ាកធុនត្រា ពណ៌ខ្មៅ ដែលដឹកជញ្ជូនឈើចូលខេត្តស្ទឹងត្រែងរៀងរាល់យប់ថ្ងៃ គឺលោក ស៊ុន នូសិទ្ធ ចេញមុខរត់ការ គ្មានលស់ជើងណាមួយឡើយ ហើយនៅពេលក្រុមអ្នកកាសែតមួយចំនួនសួរនាំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ជាប់ជាប្រចាំលោក ស៊ុន នូសិទ្ធ តែងតែដើរអួតអាងថា គាត់ដឹកឈើយកទៅឲ្យមេសង់ផ្ទះ ។ គេមិនច្បាស់ទេថា តើថ្នាក់លើរបស់លោក ស៊ុន នូសិទ្ធ ត្រូវប្រើឈើសង់ផ្ទះប៉ុន្មានរយម៉ែត្រគូបនោះទេ ព្រោះរាប់ឆ្នាំមកហើយដែល ស៊ុន នូសិទ្ធ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ មិនដែលមាននរណាហ៊ានប៉ះពាល់ ជាពិសេសការប្រើស្បែកជា នគរបាលសេដ្ឋកិច្ចប្រមូលលុយពីរកស៊ីដឹកជញ្ជូនឈើខុសច្បាប់គេមិនដែលឃើញលោក ម៉ៅ តារា ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ឮមាត់ ឮកម្តងណាឡើយ៕