 |
| នាងម៉ាក់សែន សូនីតា ហៅតូតា កាលពីកន្លងទៅ |
អវត្តមាននាងម៉ាក់សែន សូនីតា ហៅតូតា
ក្នុងតំណែងជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ My TV
កំពុងធ្វើឲ្យតារាស្រីរូបនេះ បញ្ចេញនូវផែនការថ្មី
ដើម្បីស្រវាយកមុខមាត់នេះម្ដងទៀត ក្នុងពេលដ៏ខ្លី។ ទោះយ៉ាងណា
គេមិនដឹងថា វិធានការរបស់នាង
នឹងរុញឲ្យនាងក្លាយជាពិធីការិនីក្នុងកម្មវិធីធំ
នៅលើកញ្ចក់ទូរទស្សន៍ដូចដើមឬយ៉ាងណានោះទេ នៅដើមឆ្នាំ២០១៤នេះ។
តូតា និយាយថា
ក្រោយកម្មវិធី«ប្រាជ្ញកំប្លែង»
ដែលជាកម្មវិធីធំរបស់ស្ថានីយទូរទស្សន៍ My TV ត្រូវបញ្ចប់
ស្ថានីយទូរទស្សន៍មួយនេះ
បានទាក់ទងឲ្យនាងលេចមុខក្នុងកម្មវិធីថ្មីៗមិនឲ្យបាត់មុខនោះទេ
ប៉ុន្តែមកពីនាងជាប់សូរសម្ដែងរឿងតាមខេត្ត
ហើយមិនអាចជ្រែកខ្លួនបានក្នុងពេលតែមួយ ទើបសម្រេចឲ្យ
កម្មវិធីទាំងអស់ ដែលលេចឡើងក្នុងឆ្នាំ២០១៤របស់My TV និងCTN
មិនមានវត្តមានរបស់នាង។ ទោះយ៉ាងណា
នាងមានគម្រោងមិនឲ្យតំណែងមួយនេះ របូតឆ្ងាយពីដៃយូរនោះទេ
បន្ទាប់ពីមួយរយៈពេលនេះ
នាងក៏រយាលផុតពីការងារសម្ដែងដែលធ្លាប់ហ៊ុមព័ទ្ធកាលពីគ្រាមុន
។ ម៉ាក់សែន សូនីតា និយាយថា «មួយរយៈនេះ
ខ្ញុំទំនេរច្រើនខុសពីចុងឆ្នាំ២០១៣
ដូច្នេះខ្ញុំនឹងស្វះស្វែងរកការងារជាពិធីការិនីឲ្យបានម្ដងទៀត
ជំនួសឲ្យការងារចាស់ដែលខ្ញុំធ្លាប់កាន់កាប់»។ យោងតាមរូបសម្រស់
ភាពល្បីល្បាញ និងសមត្ថភាព វាមិនមែនជារឿងពិបាកនោះទេ
ដែលអាចឲ្យនាងទទួលបានកម្មវិធីថ្មី របស់ស្ថានីយទូរទស្សន៍ចាស់
ឬនៅក្នុងស្ថាប័នថ្មី ក្នុងពេលដែលមួយរយៈនេះ
គេសម្គាល់ឃើញស្ថានីយទូរទស្សន៍ស្ទើរទាំងអស់
បានពុះពារប្រជែងគ្នាបញ្ចេញនូវកម្មវិធីថ្មី និងទាក់ទាញ។
នាងពេលកន្លងមក នាងធ្លាប់លេចមុខកាន់ក្បាលមេក្រូ
សុទ្ធតែជាកម្មវិធីធំទាំងអស់ នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥
និងចុងក្រោយ គឺនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ MY TV
ក្នុងកម្មវិធី«ប្រាជ្ញកំប្លែង»
ដែលជាកម្មវិធីប្រកួតប្រជែងស្វែងរកក្រុមកំប្លែងស៊េរីថ្មី
ស្នងតំណែងក្រុមកំប្លែងនាយ ពែកមី ដែលកំពុងឡើងកូដ។

តូតា រំពឹងដោយមុតមាំថា មិនយូរទេ
នឹងទទួលបានតំណែងពិធីការិនីដូចដើម ដោយក្ដីសង្ឃឹមនេះ
គឺបន្ទាប់ពីនាងបានអះអាងថា
បានត្រៀមទុករួចរាល់អស់ហើយនូវប្រើយុទ្ធសាស្ត្រមួយចំនួន។
វាជារឿងសោកស្ដាយណាស់
ដែលការងារក្នុងមួយរយៈមុនកំពុងបោះពួយលឿនស្លេវ
តែនាងបែរជាសង្វាតយកការសម្ដែងមិនស្គាល់យប់មិនស្គាល់ថ្ងៃ
បូករួមទាំងការដើរម៉ូដផង បណ្ដាលឲ្យរបូតតំណែងជាពិធីការិនី។
យ៉ាងណាមិញ នាងក៏បានលេចចេញនូវផ្លែផ្កាតបស្នងគួរជាទីមោទនៈផងដែរ
ក្នុងពេលដែលមួយរយៈនេះ ខ្សែរឿងបន្តបន្ទាប់ដែលនាងបានសម្ងំថត
ត្រូវគេដាក់បញ្ចាំងជួយឲ្យនាងមានមុខមានមាត់កាន់តែលេចធ្លោរ។
ខ្សែរឿងទាំងនោះរួមមាន រឿង«គ្រោះស្រមោល»
និងរឿង«វិញាណលោកតាក្រញូង» ដែលជាភាពយន្តខ្នាតធំ
ទើបនឹងដំណើរការចាក់បញ្ចាំងនៅភ្នំពេញ
និងកំពុងបន្តវាតទីតាមខេត្តក្រុង និងទៅកាន់ទីផ្សារក្រៅប្រទេស។
បន្ថែមពីលើខ្សែរឿងទាំង២
នាងក៏មានខ្សែរឿងមិនទាន់ចេញមួយចំនួនផងដែរ
ដោយគ្រាន់តែរឿងទាំងនោះ មិនទាន់កាត់តរួច
ដែលនាំឲ្យនាងមិនទាន់ចង់បង្ហើបពីចំណងជើងប៉ុណ្ណោះ។
តូតាបានប្រកាសជំហរមិនទទួលចេញច្រៀងក្រៅស្រុក
និងទទួលថតរឿងក្នុងរូបភាពយូរខែដូចអំឡុងពេលមុនឡើយ
ដើម្បីទុកពេលឲ្យបានគ្រប់គ្រាន់
ប្រទាញយកទីផ្សារផ្នែកពិធីការិនីប្រចាំនៅលើកញ្ចក់ទូរទស្សន៍
ប្រជែងនឹងពិធីការិនីអាជីព។
តូតា បញ្ជាក់ថា ក្នុងពេលដ៏ខ្លី
នាងនឹងធ្វើឲ្យភ្ញាក់ផ្អើល ជាមួយឱកាសកាន់តំណែងជាពិធីការិនី
ខណៈដែលតំណែងនោះ គឺស្ថាប័នណាផ្ដល់ឱកាសឲ្យមុន នាងនឹងទទួលយកមុន។
ចាំមើលតើនាងនឹងលេចមុខក្នុងអំឡុងដើមឆ្នាំ២០១៤នេះ បានឬបាន
ក្នុងតំណែងជាពិធីការិនី?