ប៉ៃលិន៖ កាលពីវេលាម៉ោង
៧ និង ៣០នាទី យប់ថ្ងៃទី១៥ មករា ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧
ទល់មុខសាលាបឋមសិក្សាពៅ សេងហាក់(អូរតាវ៉ៅ)
ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្តាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងប៉ៃលិន។
បើតាមសេចក្តីរាយការណ៏មកថា ជនរងគ្រោះ ទី១. ឈ្មោះ ឆោម ចំណាន ភេទប្រុស អាយុ ៣៤ឆ្នាំ
ជាកសិករ រងរបួសបាក់ជើងខាងឆ្វេងកៀបជាប់នៅនឹងរថយន្តរហូតសន្លប់ រស់នៅភូមិអូររអិល
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ
ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 2A-0719 ចំណុះ
១តោនកន្លះ ដឹកជីអាចម៍ប្រចៀវជាច្រើនការ៉ុង រងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ចណែកជនរងគ្រោះ ទី២. ឈ្មោះ អែម វឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នករួមដំណើរជិៈនៅក្នុងកាប៊ីន
រងរបួសបាក់ជើងឆ្វេង រយះភ្នែកខាងស្តាំ
សន្លប់ក្នុងរថយន្ត រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ
ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តថៃ ១គ្រឿង
ម៉ាកហ៊ីណូឆ្នូតចម្រុះពណ៌លឿង ក្រហម ស មិនស្គាល់ស្លាកលេខ
ដឹកដំឡូងមីស្ងួតសណ្តោងរ៉ឺម៉កតាមផ្លូវលំ ១ខ្សែ
ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោងក៏រថយន្ត ១គ្រឿងនេះ
បួងចង្កូតឡើងលើផ្លូវជាតិលេខ៥៧ ស្រាប់តែរថយន្តរបស់ជនរងគ្រោះបើកមកក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន
បណ្តាលឲ្យជាន់ហ្វ្រាំងមិនទាន់ ក៏បុកចំពីក្រោយរថយន្តរបស់ថៃ យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរកៀបនិងរថយន្តរងរបួសធ្ងន់ទាំង
២នាក់។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋទូរស័ព្ទប្រាប់សមត្ថកិច្ចចរាចណ៏ឲ្យមកកន្លែងកើតហេតុ រួចក៏ដឹកជនរងគ្រោះទាំង០២នាក់ដោយរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនខេមរៈ យកទៅសង្គ្រោះភ្លាមៗ
ចំណែករថយន្តសណ្តោងរ៉ឺម៉ករបស់ថៃ បានបើករត់គេចខ្លួនទៅទិសខាងលិចបាត់ស្រមោល។
បន្ទាប់មក
កម្លាំងសមត្ថកិច្ចចរាចរណ៍ជើងគោកខេត្តប៉ៃលិន បានចុះទៅដល់កន្លែងកើតហេតុ
ដើម្បីធ្វើការវាស់វែង រីឯរថយន្តជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការ ដ្ឋាននគរបាលខេត្ត
បណ្តោះអាសន្នរង់ចាំការដោះស្រាយ ៕ សេង ពិសី


