តាំងពីតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ
សិរីមន្ត ក្លាយជាតារាចម្រៀង អ្នកតាមដានសិល្បៈ មិនដែលឃើញលោក
ថតស្ពតនោះទេ បើទោះជាលោកមានគេទាក់ទងឲ្យចេញថតច្រើន។
ប៉ុន្តែនៅដើមឆ្នាំ២០១៤នេះ លោកស្រាប់តែ បញ្ចេញស្ពតលើកដំបូង
ក្នុងឈុតខោទ្រនាប់តែម្ដង ទើបធ្វើឲ្យម្នាក់ៗ
ភ្ញាក់ផ្អើលនិងចោទសួរពីតម្លៃខ្លួនរបស់លោក។ ចង់ដឹងទេថាស្ពតនេះ
លោកសិរីមន្ត ទទួលបានតម្លៃខ្លួនប៉ុន្មាន?
ទិន្នន័យមួយដែលភ្នាក់ងារ VOD ទទួលបាន
ឲ្យដឹងថា ស្ពតខោទ្រនាប់ស៊ានលាន ដែលលោកខេមរៈ សិរីមន្ត
បានចំណាយពេលមិនដល់មួយថ្ងៃក្នុងការថតនោះ
គឺទទួលបានតម្លៃខ្លួនរហូតដល់១ម៉ឺនដុល្លារ។ បើទោះជាការអះអាងនេះ
មិនមានភ័ស្ដុតាង ប៉ុន្តែគេអាចយកជាការបាន
ដោយសារតែអ្នកបញ្ចេញព័ត៌មាននោះ ត្រូវគេស្គាល់ថា
ជាអ្នកដឹកនាំថតដ៏មានកេរ្តិ៍ឈ្មោះម្នាក់
ដែលមាននាទីក្នុងការដឹកនាំថតស្ពតខោទ្រនាប់ស៊ានលាននោះដែរ។
ចំនួនទឹកប្រាក់១ម៉ឺនដុល្លារនេះ លោកខេមរៈ សិរីមន្ត
មិនបានទទួលទាំងអស់នោះទេ ដោយត្រូវកាត់ប៉ុន្មានភាគរយតូច
ឲ្យទៅអ្នកទាក់ទង ហៅថត ដែលជាទម្លាប់ជាធម្មតារបស់តារាខ្មែរ
និងអ្នកនាំប្រាក់ឲ្យ។ ទោះយ៉ាងណា ក្រុមហ៊ុនខោទ្រនាប់ស៊ានលាន
បានបញ្ចេញពេញ១ម៉ឺនដុល្លារ ឲ្យទៅលោកខេមរៈ សិរីមន្ត
ដោយបានទាំងចំណាយច្រើនបន្ថែមទៀត លើសេវារបស់ក្រុមAgency ការងារថត
តម្លៃរបស់តារាស្រីដែលអមក្នុងស្ពត និងការផ្សព្វផ្សាយបន្ថែមទៀតផង។
១ម៉ឺនដុល្លារនេះ នៅមិនទាន់ស័ក្តិសមឡើយ
បើធៀបនឹងតម្លៃខ្លួនរបស់តារាបរទេស ប៉ុន្តែសម្រាប់តារាខ្មែរ
នេះជាតម្លៃកម្រិតកំពូលហើយ
សម្រាប់ការងារដែលចំណាយពេលមិនដល់មួយថ្ងៃ។ ការទក់ទងថត
ក្រោយពីតារាចម្រៀងរូបនេះ រមែងបញ្ចេញសាច់ដុំ
និងដងខ្លួនស៊ិចស៊ីនៅលើឆាកតន្ត្រី និងក្នុងឈុតខារ៉ាអូខេ
បង្ហាញដងខ្លួនដ៏ស្រស់សង្ហាររបស់ខ្លួន។
អ្នកដឹកនាំថតដដែល ឲ្យដឹងថា ក្នុងស្ពតពាណិជ្ជកម្មមួយ
តារាខ្មែរមិនទទួលបានលើសពីមួយម៉ឺនដុល្លារទេ
បើទោះជាមានការបំប៉ោងថា តារាល្បីម្នាក់
អាចទទួលបានដល់រាប់ម៉ឺនដុល្លារ។ លើកលែងតែស្ពតនោះ
ត្រូវចំណាយពេលថតច្រើនថ្ងៃ ហើយត្រូវថតជាភាគៗ ដែលទាមទារឲ្យពួកគេ
ប្រើពេលថតដដែលៗច្រើនថ្ងៃ ច្រើនសប្ដាហ៍នោះប៉ុណ្ណោះ។
តារាភាគច្រើនធ្លាប់បានព្រលយដែរថា
ពួកគេមិនទទួលបានតម្លៃខ្លួនខ្ពស់ទេ ដោយសារតែក្រុមហ៊ុនធំៗទាំងឡាយ
ទាក់ទងពួកគេតាមតែក្រុមហ៊ុន Agency ក្នុងស្រុក
ដែលក្រុមអ្នកទំនាក់ទំនងទាំងនេះ
ផ្ដល់តម្លៃឲ្យតែតាមទីផ្សាររបស់តារានៅកម្ពុជា។
ជាប់ជួនជាតារាខ្មែរ មានទម្លាប់ប្រជែងគ្នាចេញមុខយកល្បីផង
ទើបស្ពតដែលមានតម្លៃខ្លួនចាប់ពី៣ពាន់ដុល្លារឡើងទៅ គេយល់ថា
ជាតម្លៃខ្លួនអាចទទួលយកបានហើយ។ កាលពីឆ្នាំមុនស្ពតនេះ
ថតផ្សាយដោយលោកអេឡិច ចន្ត្រា និងនាងសុគន្ធ និសា ប៉ុន្តែតម្លៃរបស់
អេឡិច ចន្ត្រា មិនខ្ពស់បែបនេះទេ។
ទីផ្សាររបស់ក្រុមហ៊ុនខោទ្រនាប់ស៊ានលាន
បដិសេធបញ្ជាក់តម្លៃខ្លួនរបស់លោកខេមរៈ សិរីមន្ត ប៉ុន្តែលោកអះអាងថា
ក្រុមហ៊ុនមានសិទ្ធិប្រើវីដេអូស្ពត និងរូបស្ពតរបស់តារាចម្រៀងរូបនេះ
ក្នុងការផ្សព្វផ្សាយខោទ្រនាប់របស់ខ្លួន ដោយមិនកំណត់ពេលឡើយ។
ដូចគ្នាដែរ លោកខេមរៈ សិរីមន្ត បដិសេធទាំងស្រុង
នៅពេលទទូចសួរពីការបញ្ជាក់ខាងលើ។ លោកនិយាយថា នោះជាស្ពតដំបូង
ហើយលោកសុំមិនបញ្ជាក់ពីតម្លៃដែលទទួលបាននោះទេ
ដើម្បីកុំឲ្យមានការវាយតម្លៃផ្សេងៗ។ ទោះយ៉ាងណា
នេះជាតម្លៃខ្លួនមួយដ៏ខ្ពស់ហើយ បើធៀបនឹងតារាល្បីផ្សេងទៀត
ដែលមានតែការប៉ាន់ស្មានថា បានច្រើនម៉ឺនដុល្លារក្នុងមួយស្ពត
ប៉ុន្តែធាតុពិត បែរជាគ្មានអ្នកអះអាង ដូចតម្លៃខ្លួនរបស់លោកខេមរៈ
សិរីមន្ត ដែលមានអ្នកហ៊ានអះអាងនោះ៕