ខេត្តកំពង់ឆ្នាំង ៖
ក្មេងស្រីវ័យជំទង់ម្នាក់ បានរងរបួសបាក់ភ្លៅខាងស្តាំ ខណៈដែលរថយន្តឈ្នួល ដែលនាងជិះមកពីផ្សារ ត្រលប់ទៅផ្ទះវិញ បានបុកក្លោងទ្វារវត្ត យ៉ាងពេញទំហឹង បណ្តាលអោយអ្នកអង្គុយ លើរថយន្តនោះរងរបួស កាលពីវេលា
ម៉ោង ១១និង១៥ នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុចក្លោងទ្វារ បត់ចូលក្នុងវត្តទួលមេត្រី ហៅ វត្តអាឡែង ស្ថិតនៅក្នុងភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
នារីរងគ្រោះមាន ឈ្មោះ ស្រី ស អាយុ ១៦ឆ្នាំ មានទីលំនៅ ក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស បានជិះរថយន្តឈ្នួលចេញពីផ្ទះ មកផ្សារលើក្រុងកំពង់ឆ្នាំង ពេលត្រឡប់ទៅផ្ទះវិញ មកដល់ត្រង់ចំណុចកើតហេតុ ដោយរថយន្តឈ្នួលនោះ បត់មិនផុតក៏ទៅបុកក្លោងទ្វារ វត្តទួលមេត្រី ធ្វើអោយក្តារបន្ទះ ដែលគេដាក់តំរៀបជាជួរៗ សំរាប់អ្នកធ្វើដំណើរអង្គុយ រអិលមកៀប ចំភ្លៅខាងស្តាំ របស់នាងបណ្តាលអោយបាក់ភ្លៅតែម្តង ។
សាក្សីបានអោយដឹងថា មុនពេលកើតហេតុ រថយន្តឈ្នួលខាងលើនេះ បើកមកពីកើតបំរុងបត់ចូល ទៅតាមផ្លូវក្លោងទ្វារវត្ត ស្របពេលនោះក៏មាន គោយន្ត១គ្រឿងបើកមកពីមុខ និង ១គ្រឿងទៀតបើកចេញតាមផ្លូវក្លោងទ្វារវត្ត ពេលនោះអ្នកបើករថយន្តឈ្នួល បាត់បង់ម្ចាស់ការ ក៏ជ្រុលទៅបុកក្លោងទ្វារវត្ត បែក កញ្ចក់ខាងមុខខ្ទេចទាំងស្រុង ។ នារីរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកតាមរថយន្ត មកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ភ្លាមៗ ដើម្បីអោយគ្រូពេទ្យ ជួយសង្គ្រោះ អាយុជីវិត៕