ខេត្តកំពង់ស្ពឺ ៖
ស្នូរកាំភ្លើងបានលាន់ឡើងរំពង ខណៈដែលក្រុមចោរប្លន់ប្រដាប់អាវុធ បើកការប្រយុទ្ធជាកម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ
២០១៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើនេះ ក្រុមចោរមានគ្នា៦នាក់បម្រុងធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយក៏មានការផ្ទុះអាវុធជាមួយសមត្ថកិច្ចតែម្តង ។ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានគេចខ្លួនដោយបន្សល់ទុករថយន្ត២គ្រឿងនិងម៉ូតូ៤គ្រឿងនៅកន្លែងកើតហេតុ ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមដានយូរមកហើយ ។ ក្នុងនោះ២នាក់ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ២នាក់ហើយទី១-ឈ្មោះខេង ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ និងទី២- ឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ ។ ចំណែកឯជនសង្ស័យ៤នាក់ទៀតសមត្ថកិច្ចស្រុកសំរោងទងកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕