ភ្នំពេញ: សាលារាជធានីភ្នំពេញបានការសោកស្តាយ និងបានធ្វើការថ្កោលទោសទៅលើប្រជាពលរដ្ឋនិងព្រះសង្ឃ ដែលបានគប់ដុំថ្មចូលសាលារាជធានីភ្នំពេញនិងបានបំផ្លិចបំផ្លាញបដារព័ត៌មាន និងបានហៅទង្វើនេះថា ជាការប្រព្រឹត្តអំពើអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់កាន់តែធ្ងន់ធ្ងរ។
ការផ្ទុះហិង្សាបានធ្វើឡើងបន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋអតីតអ្នកភូមិបឹងកក់ បរាជ័យក្នុងការស្វែងរកដំណោះស្រាយទាមទារសំណងបន្ថែមពីសាលារាជធានីភ្នំពេញមិនបានសម្រេចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។
លោកឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីភ្នំពេញមានការសោកស្តាយខ្លាំងណាស់ មិនគួរណាក្រុមអ្នកតវ៉ានេះ រួមទាំងប្រជាពលរដ្ឋនិងព្រះសង្ឃ ហាក់ដូចជាកំពុងតែប្រព្រឹត្តអំពើអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់កាន់តែខ្លាំងទៅៗ រហូតឈានទៅដល់ការប្រើប្រាស់អំពើហិង្សាគប់ដុំថ្ម ចូលទៅក្នុងសាលារាជធានីភ្នំពេញ តែមិនបានប៉ះពាល់ដល់មន្ត្រីដែលកំពុងតែបំពេញការងារ ប៉ុន្តែវាបានបង្កការគ្រោះថ្នាក់ដល់មន្ត្រីនៅក្នុងសាលារាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា “ពួកគាត់បានបិទបង្ខាំងដល់មន្ត្រីយើងខ្ញុំកាលពីថ្ងៃម្សិលមិញនេះ(២៣ធ្នូ)គឺពួកគាត់បានបិទទ្វារជាប់ដោយបង្ខាំងមិនឲ្យមន្ត្រីរបស់ខ្ញុំដោយខុសច្បាប់ ហើយថ្ងៃនេះ(២៤ធ្នូ)គឺឈានទៅដល់ការប្រើប្រាស់អំពើហិង្សាដល់មន្ត្រី មិនតែប៉ុណ្ណោះសង្ឃប៉ុន្មានអង្គ បូកផ្សំជាមួយនិងអ្នកតវ៉ាមួយចំនួនឈានដល់ការប្រើប្រាស់អំពើហិង្សា គប់ដុំថ្ម ហើយបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់សាលារាជធានីភ្នំពេញ គឺបដាព័ត៍មានត្រូវបានកំទេចដោយក្រុមអ្នកតវ៉ា និងក្រុមលោកសង្ឃនេះ ដែលជាសកម្មភាពមួយគួរឲ្យថ្កោលទោសខ្លាំងជាទីបំផុត”។
លោកឡុង ឌីម៉ង់ បានបន្តថា ចំពោះករណីនេះសាលារាជធានីភ្នំពេញនៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងណានៅឡើយទេ ដោយរង់ចាំមើលបន្តទៀសិន។
ក្រុមព្រះសង្ឃនិងប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែធ្នូ បានធ្វើការប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ តាំងពីព្រឹករហូតដល់យប់ ដោយបានធ្វើការបិទកំណាត់ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ និងបានដុតកង់ឡានថែមទៀតផង ជាពិសេសបានយកសោរមកចាក់ទ្វាររបងច្រកចេញចូលមុខសាលារាជធានីភ្នំពេញ បង្ខាំងមិនឲ្យមន្ត្រីបម្រើការនៅក្នុងនោះចេញមកក្រៅបាន។ នៅថ្ងៃទី២៤ ខែធ្នូ ក្រុមព្រះសង្ឃនិងប្រជាពលរដ្ឋបានបន្តធ្វើសកម្មភាពតវ៉ា ដោយបិទផ្លូវរហូតដល់មានការប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ចថែមទៀតផងដោយបានធ្វើការគប់ និងវាយបំផ្លាញបញ្ឈរបដាព័ត៍មាននៅពីមុខសាលារាជធានីភ្នំពេញ និងបាន់គប់ដុំថ្មចូលក្នុងសាលារាជធានីភ្នំពេញ៕






ប្រភព ស៊ីអ៊ីអិន