កំដៅនយោបាយនៅថៃបន្តកើនឡើងនៅថ្ងៃច័ន្ទនេះ ខណៈក្រុមប្រឆាំងរដ្ឋាភិបាលជាង១៥ម៉ឺននាក់ ចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាលក្ខណៈទ្រង់ទ្រាយ មួយលើកទៀត ដើម្បីទំលាក់រដ្ឋាភិបាលលោកស្រីយីងឡាក់ បន្ទាប់ពី គណបក្សប្រឆាំងធំជាងគេ ប្រកាសធ្វើពហិការ បោះឆ្នោត ថ្ងៃទី២កុម្ភៈ។
តាមសេចក្ដីរាយការណ៍ របស់បណ្ដាញផ្សាយព័ត៌មានជាច្រើន របស់ថៃបានឲ្យដឹងថា ក្រុមបាតុករទាំងនោះបានមកប្រមូលផ្ដុំគ្នា នៅភូមិគ្រឹះរបស់លោកស្រីយីងឡាក់ ប៉ុន្តែ លោកស្រី បានចេញទៅ ខេត្តភាគខាងជើងដើម្បីពង្រឹងសកម្មជនបក្សរបស់ លោកស្រី។

សេចក្ដីរាយការណ៍របស់កាសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមប្រឆាំងបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាថ្មីម្ដងទៀត នៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទនេះ គឺធ្វើឡើងតាមការគ្រោងទុក ដែល ពួកគេ ប្រកាសធ្វើបាតុកម្មដើម្បីទំលាក់រដ្ឋាភិបាល លោកស្រីយីងឡាក់ ឲ្យបានមុនការបោះឆ្នោត ២កុម្ភៈ ចូលមកដល់។
មេដឹកនាំបាតុករម្នាក់មកពី បណ្ដាញស្ម័គចិត្តប្រជាជនដើម្បីការពារដីធ្លី លោក បណ្ឌិត Tul Sitthisomwong និយាយ ពួកគេ មិនត្រូវការបោះឆ្នោត នៅពេលនេះទេ ព្រោះវាមិនស្មើភាព ដោយសារតែ គណរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ មិនត្រូវបានរំលាយ ។ លោកបន្ត ថា គេចាំបាច់ត្រូវកែទម្រង់ជាមុនសិនទើបគិតទៅរកការបោះឆ្នោត ។
ក្រុមបាតុករស្រែកថា គណរដ្ឋមន្ត្រីយីងឡាក់ត្រូវតែចាកចេញទៅ ទើបការបោះឆ្នោត អាចប្រព្រឹត្តទៅបាន ។
ក្រុមគណបក្សប្រឆាំងរបសលោកអាប់ភីស៊ីត ដែលប្រកាសធ្វើពហិការបោះឆ្នោត គំរាមថា នឹងទំលាក់រដ្ឋាភិបាលរបសលោកស្រីយីងឡាក់ឲ្យបាន ហើយ បើមិនបានទេ ពួកគេ នឹងមិន ចូលរួមការបោះឆ្នោតជាដាច់ខាត។
ក្រុមអ្នកវិភាគថៃព្រមានថា ទំនងជាត្រូវពន្យារការបោះឆ្នោត ថ្ងៃ២កុម្ភៈ ឆ្នាំ២០១៤ ហើយ បើមិន ពុំនោះទេវិបត្តិនយោបាយ នឹងផ្ទុះឡើងធ្ងន់ធ្ងរជាងនេះទៅទៀត៕
ប្រភព : VOD