ភ្នំពេញ៖ នានាពេលថ្មីៗនេះ តារាសម្តែងរូបស្រស់ ពេជ្រ សុវណ្ណកក្កដា ដែលទើបបញ្ចេញរស្មី តាមរយៈការសម្តែងកាយវិការបទចម្រៀងខារ៉ាអូខេ ឱ្យផលិតកម្មធំៗ និងល្បីល្បាញ ក្នុងព្រះរាជាណាចក្រកម្ពុជានោះ ស្រាប់តែត្រូវបានគេរិះគន់ថា នាងយកសិល្បៈធ្វើជាឈ្នាន់ ដើម្បីទាក់ទាញភាពមានបាន តាមរយៈបុរសអភិជន ដែលសម្បូរទ្រព្យទៅវិញ ដោយបញ្ហានេះ ធ្វើឱ្យក្រុមគ្រួសាររបស់នាង មានការខឹងសម្បារយ៉ាងខ្លាំង រហូតចង់ឱ្យនាងផ្តាច់ខ្លួនចេញ ពីសង្គមសិល្បៈ ថែមទៀតផង។
តារាធ្មេញជំពើសកូនកាត់ចិន ពេជ្រ សុវណ្ណកក្កដា បច្ចុប្បន្នមានវ័យជាង ២០ ឆ្នាំ ដែលមានសក្តានុពលសម្រស់ស្រស់ស្អាត គួរឱ្យទាក់ទាញបេះដូងបុរសទាំងពួង ដោយសភាពសិចស៊ីសាច់សម៉ដ្តរលោង និងដើមទ្រូងព្រហើនរូបនេះ កើតទុកមិនសុខចិត្ត ទើបចេញមុខមកបំភ្លឺការពារកិត្តិយសថា នាងមិនបានប្រព្រឹត្តិខ្លួន ឱ្យធ្លាក់ក្នុងរណ្តៅអប្បល័ក្ខ បែបរឿងអាស្រូវកេរ្តិ៍អីចឹងទេ។ នាងបន្តថា ៖ “ ខ្ញុំមានឳពុកម្តាយត្រឹមត្រូវ និងមានសង្គមគ្រួសារ ថ្លៃថ្នូរ និងមានជីវភាពដ៏សមរម្យមួយដែរ។ ប៉ុន្តេប្រសិនបើខ្ញុំចង់បានអីចឹង គឺឳពុកម្តាយរបស់ខ្ញុំ លោកអាចផ្តល់ឱ្យបានទាំងអស់ ដូច្នេះ សូមសួរថា តើខ្ញុំចាំបាច់អី ដែលត្រូវយកខ្លួនទៅ ប្រឡូកប្រឡាក់ នឹងរឿងអាសោចទាំងអស់ហ្នឹង? ខ្ញុំមិនប្រព្រឹត្តិខ្លួនអីឆ្កួតចឹងទេ ”។
ពេជ្រ សុវណ្ណកក្កដា តារាដែលទើបរះត្រចះត្រចង់នេះ បានអះអាងថា មិនចាំសិល្បៈ នាងក៏អាចរស់រានមានជិវិតបាន និងស្រណុកសុខស្រួលផង ប៉ុន្តែអ្វីគ្រប់យ៉ាង ដែលកំពុងធ្វើសព្វថ្ងៃនោះ គឺព្រោះស្រឡាញ់ចូលចិត្ត និងចូលរួមគាំទ្រលើកស្ទួយវិស័យសិល្បៈខ្មែរ ឱ្យមានភាពល្បីល្បាញដូចបរទេស ដោយមិនគួរណាមានលេចឮនូវពាក្យចោទប្រកាន់ កើតចេញពីការច្រណែនឈ្នានីស និងចង់សម្អុយកេរ្តិ៍របស់នាង ដូច្នេះសោះ។ ខណៈពេល ដែលឳពុកម្តាយរបស់នាង ស្រឡាញ់ថ្នាក់ថ្នមនាង ដូចគ្រាប់ពេជ្រ គឺពួកគាត់ បានស្នើរឱ្យនាងចាកចេញឆ្ងាយវិស័យសិល្បៈ ជាកន្លែងពោរពេញដោយការប្រកួតប្រជែង ប៉ុន្តែនាងនៅតែជំនះមិនផ្តាច់ខ្លួនចេញទាំងស្រុងទេ ត្បិតអីក្តីស្រមៃចង់ក្លាយជាតារាដ៏ល្បីល្បាញ មួយដួង កំពុងតែខិតទៅរកការពិតជាបណ្តើរៗហើយ។ ម្ល៉ោះហើយនាង បានត្រៀមចិត្តទទួល និងអត់ធ្មត់គ្រប់បែបគ្រប់យ៉ាង ដើម្បីភាពជោគជ័យក្នុងអនាគតនៃអាជីពតារាសម្តែង។

