ផ្ទុយពីការសង្ស័យដែលថា តារាសម្ដែងល្បីល្បាញអ្នកនាងកែវ ពេជ្រពិសី នឹងជាប់ចិត្តចំពោះបុរសសំបូរទ្រព្យ បើទោះបុរសជំពូកនេះ ជាប្ដីគេ ឬវ័យចំណាស់ អ្នកនាងបែរជាប្រាប់ដោយទុទិ្ទដ្ឋិនិយមថា បុរសជំពូកនេះ មិនស្ថិតក្នុងផ្នត់គំនិតរបស់នាងទៅវិញ។ ការលើកឡើងរបស់នាង មិនមែនជាលើកទី១ ប៉ុន្តែវាត្រូវចំកាលៈទេសៈ ដែលមនុស្សគ្រប់គ្នាកំពុងសង្ស័យថា ទាល់តែបុរសចំណាស់មានបុណ្យសក្ដិធំ ទើបជាជម្រើសរបស់ម៉េម៉ាយសាច់សខ្ចីរូបនេះ។
ក្នុងជំនួបដោយផ្ទាល់មាត់ កែវ ពេជ្រ ពិសី ប្រាប់ថា ក្នុងកែវភ្នែករបស់អ្នកនាង អ្នកនាងមិនដែលគិតថាបុរសវ័យចំណាស់ គឺជាបុគ្គលចាស់ចិត្តចាស់គំនិតដែលអ្នកនាងអាចផ្ញើវាសនា បាននោះទេ។ ផ្ទុយទៅវិញ មនុស្សជំពូកនេះ គឺអ្នកនាងមានតែគិតថា មិនអាចជឿទុកចិត្តបានទៅវិញទេ បើទោះជាប្រុសជំពូកនោះ ត្រូវគេដឹងថា បានដាច់ស្រេចជាមួយភរិយាដើម។ អ្នកនាងមិនជឿថា បុរសសំបូរទ្រព្យ ឬវ័យជ្រេ នៅទំនេរបេះដូងសម្រាប់តារាសិល្បៈដូចអ្នកនាងនោះទេ ហេតុផលត្រង់ហ្នឹងហើយដែលអ្នកនាងប្រកាន់ជំហរជានិច្ចថា បុរសវ័យចំណាស់ គឺទោះជាហ៊ានជះប្រាក់ និងទ្រព្យរបស់ឲ្យអ្នកនាងដល់កម្រិតណា ក៏អ្នកនាងមិនទទួលពិចារណា។ បុរសដែលអ្នកនាងត្រូវការ គឺសាមញ្ញ និងមានអាយុច្រើនជាងអ្នកនាង មិនហួសពី១០ឆ្នាំ ហើយបើទោះបុរសនោះ មិនសំបូរទ្រព្យ ក៏អ្នកនាងជ្រើសយក។ ដូចគ្នានឹងការបញ្ជាក់នេះ មានប្រភពជាច្រើនប្រាប់ថា កន្លងមកមិនខ្វះទេទាំងពោះម៉ាយវ័យជ្រេ និងបុរសជាស្វាមីគេ ដែលស្ថិតក្នុងវ័យច្រើន មានបំណងអន្ទងយកបេះដូងរបស់តារាស្រីរូបនេះ ប៉ុន្តែត្រូវបានអ្នកនាងច្រានចោល។ កែវ ពេជ្រពិសី ប្រាប់ថា មិនខ្លាចទេ បើគ្រាន់តែបដិសេធស្នេហ៍ពីមនុស្សដែលនាងមិនស្រឡាញ់ ប៉ុន្តែអ្វីដែលនាងខ្លាចគឺការជ្រុលជ្រួសពាក់ព័ន្ធ បុរសជាប្ដីគេ ដែលជំរុញឲ្យនាងខូចឈ្មោះ និងមានបាប លើសេចក្ដីទុក្ខរបស់នារីដូចគ្នា។ បើត្រូវឲ្យស្បថ ក៏អ្នកនាងមិនខ្លាចដែរ ដើម្បីគេចឲ្យផុត ពីការសង្ស័យ របស់ក្រុមមនុស្សមួយចំនួន ដែលនៅតែបន្តចោទថា គ្រប់តារាសិល្បៈល្បីឈ្មោះ បូករួមទាំងនាងផង គឺត្រូវការតែប្រុសអ្នកមាន ហើយបើបានវ័យជ្រេបន្តិច គឺកាន់តែជាប់ចិត្ត ដោយសារប្រុសក្នុងជំពូកនេះ សំបូរទ្រព្យឲ្យសើយសុខ។
អ្នកនាងប្រាប់ថា នារីសិល្បៈ ក៏ជាមនុស្សម្នាក់ដែរ ដូច្នេះមិនមែនដោយសារតែប្រាក់ ហើយសុខចិត្តយកជីវិត និងសុភមង្គលរបស់ខ្លួន ទៅប្រថុយនឹងរឿងដែលមនុស្សស្រីសាមញ្ញទូទៅមិនចង់បាននោះទេ។ បើទោះតារាខ្លះ គេអាចប្រព្រឹត្តិដូចការចោទប្រកាន់របស់អ្នកគិតអាក្រក់ ប៉ុន្តែសម្រាប់អ្នក នាង បើសុខចិត្តទទួលយកលក្ខខណ្ឌនោះ ប្រហែលជានាងមិនចាំបាច់ធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងអាជីពជាម្ចាស់សម្អាងការ ដោយទទួលធ្វើពិធីការិនីផង ដើរម៉ូដផង និងសម្ដែងផង ក្នុងពេលតែមួយ ដើម្បីប្រាក់ដូចសព្វថ្ងៃបែបហ្នឹងនោះទេ។ អ្នកនាងប្រាប់ថា បំណុលធនាគាឈប់ក្លាយជាសម្ពាធ ឲ្យនាងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដូចមុនទៀតហើយ ប៉ុន្តែអ្វីដែលជំរុញឲ្យអ្នកនាងប្រឹងប្រែងទាំងយប់ទាំងថ្ងៃនោះ គឺព្រោះតែហេតុផលចង់មានដោយញើសឈាមខ្លួនឯងតែ។ អ្នកនាងអះអាងដដែលជាដដែលថា ទោះត្រីមួយកន្ទ្រកស្អុយទាំងអស់ ប៉ុន្តែសម្រាប់អ្នកនាង គឺមិនដើរលើផ្លូវនោះដែរ អញ្ចឹងហើយ ទើបនាងសុខចិត្ត បោះបង់ស្វាមីរបស់ខ្លួនក្រោយពីរៀបការបានតែប៉ុន្មានសប្ដាហ៍ ព្រោះតែដឹងថា បុរសនោះ នៅមិនទាន់ដាច់ស្រេចជាមួយភរិយាដើម។
យ៉ាងណាមិញ អ្នកនាងមិនសុទ្ធតែគិតអាក្រក់ ចំពោះបុរសសំបូរទ្រព្យវ័យចំណាស់ទាំងអស់នោះទេ ដោយគ្រាន់តែអ្នកនាងមិនទុកចិត្ត បុគ្គលជំពូកនេះភាគច្រើន ព្រោះតែអ្នកនាងបានប៉ះជាមួយបុរសវ័យជ្រេ ដែលអះអាងថា ពោះម៉ាយគ្មានស្រីញីពាក់ព័ន្ធ ប៉ុន្តែក្រោយមកក៏លេចភរិយាដើមដោយក្រឡឺមនោះតែប៉ុណ្ណោះ។ អ្នកនាងប្រាប់ថា មកទល់ពេលនេះ អ្នកនាងនៅតែប្រកាន់ជំហរ មិនទទួលយកប្រុសចំណាស់ដដែល ហើយបើបុរសនោះកាន់តែសំបូរទ្រព្យទៀត គឺអ្នកនាងកាន់តែតាំងចិត្តមិនជឿថា បុរសនោះគ្មានប្រពន្ធ ឬសង្សារ៕