សីតុណ្ហភាពទូទៅវា នឹងឡើងកម្តៅប្រហែល មួយអង្សាសេមកវិញនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ តែវានឹង
វិលមករក សភាពដូចពេលនេះ វិញក្នុងរយៈពេលពីបី ទៅបួនថ្ងៃ បន្ទាប់ ពីថ្ងៃទី២៤ខែធ្នូ ។ សីតុណ្ហភាពដែលបានចុះត្រជាក់កន្លងទៅខុសពីពេលធម្មតាពី៧ទៅ៨អង្សា សេ តែនៅតំបន់ខ្នងភ្នំចុះទាបជាងនេះទៀត។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យក្រសួងធន ធានទឹកនិងឧតុនិយម និយាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ថា សីតុណ្ហភាពត្រជាក់ដូចពេលនេះ(១៩ធ្នូ) កើតមានរហូតដល់ថ្ងៃទី២៣ធ្នូ រួចវានឹងឡើងកម្តៅប្រហែលមួយអង្សាសេមកវិញនៅថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៣។
មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងជំនាញនេះបាន បញ្ជាក់ថា សីតុណ្ហភាពកើនកម្តៅមកវិញប្រហែលមួយអង្សា តែក្នុងរយៈពេលពីបីទៅបួនថ្ងៃទេ រួចក៏ចុះមកដល់កម្រិតដូចពេល នេះវិញ ។ សីតុណ្ហភាពបានចុះខុសពីកម្រិតសីតុណ្ហភាពធម្មតាពី៧ទៅ៨អង្សាសេ និងច្រើនជាងនេះ នៅតំបន់លើខ្នងភ្នំ។
លោកចាន់ យុត្ថា បាននិយាយឲ្យដឹងទៀតថា សីតុណ្ហភាពដែលបានចុះត្រជាក់ប៉ុន្មានថ្ងៃមកនេះ នៅតំបន់ខ្នងភ្នំដងរែក ជួរភ្នំក្រវាញ បានចុះដល់កម្រិត១២អង្សាសេ។ នៅ ទីក្រុងខេត្តព្រះវិហារនិងខេត្តមណ្ឌលគិរី សីតុណ្ហភាពបានចុះដល់កម្រិត១៦ទៅ១៧អង្សាសេ។
សីតុណ្ហភាព ចុះត្រជាក់ខុសពេលធម្មតាពី៧ទៅ៨អង្សាសេនេះ ត្រូវបានមន្ត្រីបញ្ជាក់ ថា មិនធ្លាប់មានទេ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ។ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះ ក្រសួងបានធ្វើការជូនដំណឹងពីរលើករួចមកហើយ ថាវាកើតមានរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៤ ទើបសីតុណ្ហភាពចាប់ផ្តើមឡើងកម្តៅមកវិញ។
អាកាសធាតុនៅ ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣នេះ ត្រូវបានគេកត់សម្គាល់ឃើញថា មានការប្រែប្រួលច្រើន ដូចជាភ្លៀងរដូវវស្សាកើតមាននៅដើមរដូវ ហើយអូសបន្លាយពេលវែង។ ភ្លៀងធ្លាក់ម្តងៗ មានកម្រិតខ្ពស់(ច្រើន)បង្កជាទឹកជំនន់ភ្លាមៗច្រើនសា( បន្ទាយមានជ័យ) ឯព្យុះក៏កើតមានច្រើននិងខ្លាំងៗ ដើរតាមគន្លងផ្លូវដដែលៗ។
មន្ត្រីជំនាញឧតុនិយមមួយរូបបាន និយាយឲ្យដឹងថា បាតុភូតធម្មជាតិខាងលើនេះកើតឡើង ដោយសារស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ស្ថិតក្រោមឥទ្ធិពល បាតុភូតឡានីណា (Lanina ) ដែលជាបាតុភូតនាំមកនូវភ្លៀងច្រើននិងសីតុណ្ហភាពត្រជាក់ ខុសពីបាតុភូតអែលនីណូ (Elnino) ដែលមានភ្លៀងខ្សោយនិងសីតុណ្ហភាពឡើងខ្ពស់៕