គិតៗទៅដោយសារតែចូលចិត្តផឹកស៊ី ស្រីញីអូនបង ទើបធ្វើឲ្យបុរសៗនាំគ្នាបបួលមិត្តភ័ក្ដិ ចូលច្រៀងខារ៉ាអូខេ រហូតដល់ថ្នាក់មានអ្នកខ្លះ គ្មានលុយគ្មានកាក់គ្រប់គ្រាន់ផង ក៏ត្រដរចូលទៅច្រៀងលេងសប្បាយនឹងគេដែរ។ មានបុរសមួយចំនួន ថែមទាំងបាននិយាយថា ឲ្យតែមានគេបបួលទៅច្រៀងខារ៉ាអូខេ មានត្រឹមតែលុយធីបឲ្យនារីៗ ក៏ទៅដែរដើម្បីបានសប្បាយ។ ហេតុអ្វី បានជាចង់ចូល KTV ដល់ថ្នាក់ហ្នឹងហ្ន៎?
យុវជន វិសាល អាយុ២៧ឆ្នាំ ជាបុគ្គលិកផ្នែកលក់ នៃក្រុមហ៊ុនលក់ទូរសព្ទដៃមួយក្នុងរាជធានីភ្នំពេញ បាននិយាយថា៖” ឲ្យតែមានមិត្តភ័ក្ដិខលហៅទៅស៊ីផឹក ជាពិសេសគឺចូលខារ៉ាអូខេ ខ្ញុំមិនសូវខានទេ ដឹងតែទៅចូលរួមហើយ ព្រោះខ្លាចគេខឹង។ ណាមួយខ្ញុំចូលចិត្តសប្បាយដែរ ហើយមានម្ដងនោះ ខ្ញុំមានលុយត្រឹមតែ៥ដុល្លារជាប់ខ្លួនប៉ុណ្ណោះ ក៏ខ្ញុំនៅតែសម្រេចចិត្តទៅ ដោយសារតែពួកម៉ាកជាអ្នកចេញលុយ សំខាន់ឲ្យតែមានលុយធីបឲ្យស្រីទៅបានហើយ”។ មានមាឌធំ សម្បុរសណ្ដែកបាយ សំណាង អាយុ២៥ឆ្នាំ ជាបុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ បានប្រាប់ឲ្យដឹងថា៖ “ខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែររឿងដើរលេងយប់ ចូលខារ៉ាអូខេ ធម្មតាទេហេតុតែចង់សប្បាយជាមួយគេ អីចឹងហើយក៏សុខចិត្តទៅ ទោះបីស្អែកឡើងដាច់លុយក៏ទៅដែរ ឲ្យតែបានផឹកស៊ី កៀកកើយជាមួយស្រីក្នុង KTV ”។ សំណាង បានបន្ថែមទៀតថា៖” ខ្ញុំគិតថា ចូល KTV គ្មានអ្វីសំខាន់ជាងលុយធីបហ្នឹងទេ រឿងចេញលុយស៊ីផឹកអាចចេញម្ដងម្នាក់បាន មិនអីទេ”។ ជាអ្នកចូលចិត្តដើរលេងយប់មួយរូបដែរ យុវជន វុធ ជាជាងជួសជុលម៉ូតូនៅម្ដុំផ្សារទួលទំពូង ក៏បានអះអាងផងដែរថា៖ “រឿងនេះវាបានកើតឡើងញឹកញាប់ណាស់សម្រាប់ខ្ញុំ តែទោះបីជាយ៉ាងណា ខ្ញុំមិនសូវខ្វល់ច្រើនទេ សំខាន់ឲ្យតែបានសប្បាយទៅគឺបានហើយ”។ វុធ បានបន្ថែមទៀតថា៖ “ផឹកស៊ីចូលខារ៉ាអូខេអស់ប៉ុន្មានកុំខ្វល់ អ្នកណាមានលុយ ចេញសិនទៅ ចាំពេលមានលុយចាំសងគេវិញ។ មានពេលខ្លះ សូម្បីតែលុយធីបឲ្យនារីៗ ក៏មិត្តភ័ក្ដិចេញជំនួសខ្ញុំដែរ”។ ដោយឡែក យុវជន វណ្ណា អាយុ២៦ឆ្នាំ ជាម្ចាស់ហាងអ៊ីនធឺណិតមួយកន្លែង នៅម្ដុំស្តុបចំការមន បានរៀបរាប់ថា៖ “ខ្ញុំមិនដែលចូល KTVដោយគ្មានលុយទេ ខ្មាសស្រីៗណាស់។ បើសិនជាគ្មានលុយ គឺខ្ញុំអត់ទៅតែម្ដង សុខចិត្តដេកផ្ទះ ទោះបីមានត្រឹមលុយធីប ហើយមិត្តភ័ក្ដិចេញថ្លៃស៊ីផឹកឲ្យក៏ដោយ។ម្យ៉ាងទៀត ខារ៉ាអូខេ គឺជាកន្លែងដែលត្រូវចាយលុយច្រើន ចុះបើសិនជាគ្មានលុយទេ ខំត្រដរទៅធ្វើអី ខ្ញុំធ្វើទៅមិនរួចទេ តាំងពីខ្ញុំចេះដើរលេងយប់មក”៕

ប្រភពពី៖
news.sabay.com.kh