
គណបក្សប្រជាជនកម្ពុជា(CPP) កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេច សហការជាមួយគណបក្សសង្គ្រោះជាតិ ដោយសុឆន្ទៈស្មោះសរ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកលើលទ្ធផលបោះឆ្នោតជាផ្លូវការ ដើម្បីបញ្ចៀសវិបត្តិក្រោយការបោះឆ្នោត និងឈានទៅបង្កើតស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១ ខែកញ្ញានេះ ឲ្យដឹងថា ទាក់ទងបណ្តឹងតវ៉ាទាំងទ្បាយចំពោះលទ្ធផលបោះឆ្នោត គណបក្សកាន់អំណាចនៅរក្សាជំហរទុកឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកដោះស្រាយទៅតាមច្បាប់ប្រកបដោយលក្ខណៈចំហ តម្លាភាព និងយុត្តិធម៌។
តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាល់ការបង្កើតយន្តការណាមួយ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោត ដែលខុសរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា គឺជាប្រការមិនធ្វើបានទ្បើយ។
សេចក្តីថ្លែងការណ៍នេះ ធ្វើទ្បើងស្របពេល ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខ្វែងគំនិតគ្នាលើយន្តការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយគណបក្សសង្គ្រោះជាតិ នៅតែទទូចឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ទទួលបន្ទុកដោះស្រាយបញ្ហាបោះឆ្នោត។ ផ្ទុយទៅវិញ គណបក្សកាន់អំណាច រក្សាជំហរយក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នដោះស្រាយបញ្ហានេះ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា យល់ថា ថ្នាក់ដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ គួរតែពិចារណា ចូលតុចរចាគ្នា រកដំណោះស្រាយ ដោយសន្តិវិធី៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.comប្រភពពី V
OD