ដោយៈ សយ សុភា និង សៅ ដារ៉ានី
ភ្នំពេញ៖ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងនៅ ក្នុងសន្និសីទកាសែត នៅស្នាក់ការគណបក្សរបស់ខ្លួន ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន ពាក់ព័ន្ធនឹងការ ប្រកាសលទ្ធផលរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។លោក សម រង្ស៊ី បញ្ជាក់ថា CNRP មិនទាន់ទទួលយកលទ្ធផលប្រកាសដោយ គ.ជ.ប នោះទេ។
លោក កឹម សុខា នឹងធ្វើមហាបាតុកម្មអហិង្សាដដែល នៅថ្ងៃទី ១៥ ១៦ ១៧ ខែកញ្ញា ខាងមុខនេះ។ ការធ្វើនេះ មានទ្រង់ទ្រាយធំជាងមុន។ ប្រសិនបើមិនមានការដោះស្រាយ រហូតដល់ថ្ងៃប្រជុំសភា យើងនឹងមិនចូលរួមប្រជុំ សភានោះទេ។ យើងបានសរសេរលិខិតថ្វាយព្រះមហាក្សត្ររួចហើយ ។
លោក កឹម សុខា បន្តថា ការបង្កើតគណៈកម្មាធិការចម្រុះ ឯករាជ្យនេះ ប្រាកដជាអាចធ្វើបាន។ លោក ឡើងហេតុ ផលថា អត់មានច្បាប់ម្តេចក៏រាជរដ្ឋាភិបាល បង្កើតក្រុមការងារយុវជនចុះវាស់វែងដីធ្លី ក្រែងមានក្រសួងស្ថាប័ន រួចហើយ។ ម្យ៉ាងទៀត សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយ អង្គការសហប្រជាជាតិ ម្តេចក៏ធ្វើកើត បើមិនមាន ច្បាប់ផង ហើយម្យ៉ាង អតីតមេដឹកនំាខ្មែរក្រហម ធ្លាប់ត្រូវបានកាត់ទោស ដោយអតីតសាធារណរដ្ឋប្រជាមានិត កម្ពុជា រួចហើយដែរ។
លោក កឹម សុខា ៖ កាលណារដ្ឋាភិបាល កំណត់សិទ្ធិរបស់ប្រជាពលរដ្ឋ (ក្នុងការសម្តែងមតិ/បាតុកម្ម) គឺ រាជរដ្ឋាភិបាល រំលោភច្បាប់ហើយ។
លោក សម រង្ស៊ី ៖ គណបក្សប្រជាជនកម្ពុជា ធ្លាប់បានគំរាមយើង ពីការចូលរួមប្រជុំសភា គេនឹងយកអាសនៈ របស់សង្រ្គោះជាតិទៅចែកខ្លួនឯង។ បើតាមច្បាប់ គឺអត់អាចទៅរួចនោះទេ។ តែបើពិតជាធ្វើអីចឹងមែន គឺការ បោះឆ្នោតនេះ បរាជ័យធំណាស់ ពេលនោះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបាន ១២៣កៅអី ដែលវា ផ្ទុយទៅនឹងខ្លឹមសារ កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលកំណត់ពីសេរីពហុបក្ស។ មិនតែប៉ុណ្ណោះ វាក្លាយជារបបផ្តាច់ការ។ ប្រទេសកម្ពុជា ត្រូវការពឹងផ្អែកជំនួយបរទេស។ រដ្ឋាភិបាល ១២៣ កៅអី បែបនេះ ប្រាកដជាមើលឃើញថា មិនអាចរស់បាននោះទេ។
លោក សម រង្ស៊ី ៖ ភូមា ធ្លាប់ជាប្រទេសឯកោ កាន់របបផ្តាច់ការយោធា។ ភូមា ត្រូវកែទម្រង់ ឱ្យមានការបោះឆ្នោត។ ហើយការបោះឆ្នោតកន្លងមក គណបក្សប្រឆាំង មានសំឡេងកើនឡើង និងមានការទទួលស្គាល់ពី សហរដ្ឋអាម៉េរិក។ ធៀប (ភូមា) នឹងកម្ពុជាវិញ កម្ពុជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ខ្ញុំសូមបញ្ជាក់ថា អត់មានអ្នកណា ទទួលស្គាល់លទ្ធផល បោះឆ្នោតនោះទេ។ ការប្រកាសលទ្ធផលព្រឹកមិញនេះ សហរដ្ឋអាម៉េរិក សហគមន៍អឺរ៉ុប ដែលមាន ២៧ប្រទេស អូស្រ្តាលី គេអត់ទទួលស្គាល់ទេ។ ការបង្កើតរដ្ឋាភិបាល អាចទៅបាន តែគេអត់ទទួល ស្គាល់ទេ។ ជារដ្ឋាភិបាលប្រជាធិបតេយ្យក្លែងក្លាយ” ។
លោក សម រង្ស៊ី ៖ បាតុកម្មរៀបចំដោយ គណបក្សសង្រ្គោះជាតិ គឺបាតុករ មកចូលលុយឱ្យគណបក្សសង្រ្គោះជាតិ រីឯគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មហើយ យកលុយទៅឱ្យបាតុករទៀត គេបន់ឱ្យតែឆាប់ចប់ នឹងអាល ទៅផ្ទះ។ ត្រង់នេះ ខុសគ្នាឆ្ងាយណាស់ ជាមួយគណបក្សសង្រ្គោះជាតិ។ យើងប្រកាន់វប្បធម៌អហិង្សា មួយរយភាគរយ។
លោក សម រង្ស៊ី ៖ គណបក្សប្រជាជនកម្ពុជា អះអាងថា សមស្របតាម គ.ជ.ប ប្រកាស ប៉ុន្តែគណបក្ស សង្រ្គោះជាតិ គឺមិនអាចទទួលបាន តែម្នាក់ឯងនោះទេ សូម្បីតែអង្គការសង្គមស៊ីវិលជាច្រើនទៀត ក៏គេមើលឃើញយ៉ាងដូច្នោះ ដែរ។ ដើម្បីចង់គេឱ្យទទួលស្គាល់លទ្ធផល គឺបង្កើតគណៈកម្មាការចម្រុះនោះទៅ ដើម្បីឱ្យដឹងសខ្មៅអាចទទួលយក បានទាំងអស់គ្នា។ ជាតិត្រូវការស្វែងរកការពិត។
លោក សម រង្ស៊ី៖ សន្តិភាពពិតប្រាកដទាល់តែ មានយុត្តិធម៌ មិនមែនស្ថិរភាព ឬសន្តិភាពបែប កូរ៉េខាងជើងនោះទេ។ យើងប្រកាន់យកវប្បធម៌អហិង្សា។ ដំណោះស្រាយ តាមរយៈការជជែកចរចាគ្នា ដើម្បីរកយុត្តិធម៌។
(សន្និសីទកាសែត បញ្ចប់នៅម៉ោង ៣រសៀល)
__________________________
ផ្តល់សិទ្ទដោយ DAP
Read more: http://www.cambodiapage.info/?p=13961#ixzz2eM3FAccK