
រាជធានី ភ្នំពេញ ៖ ជារឿងមួយគួរឲ្យ ចាប់អារម្មណ៍បំផុត ដែលក្នុងរយះពេល ចុងក្រោយនេះ ទូរទស្សន៍អន្តរជាតិជាច្រើន បានចាក់ផ្សាយពីរឿងពិត ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ដូចជាព្រឹត្តិការណ៍ ធ្វើមហាបាតុកម្មអហិង្សា របស់ប្រជាពលរដ្ឋ ដើម្បីទាមទារភាពយុត្តិធម៌ និងតវ៉ាចំពោះអំពើ លួចបន្លំសន្លឹកឆ្នោត ហើយពេលនេះបញ្ហា ទឹកជំនន់លិចលង់ រាជធានីភ្នំពេញ នៅពេលភ្លៀងធ្លាក់ម្តងៗ ត្រូវបានទូរទស្សន៍ ស៊ីអិនអិន ចាក់ផ្សាយហើយរិះគន់ ដល់ការអភិវឌ្ឍន៍មួយចំនួន ដែលប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកផងដែរ។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា ខណៈដែលភ្លៀងធ្លាក់ មិនដល់កន្លះម៉ោង ស្រួលបួលផងគេសង្កេតឃើញ ផ្លូវជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវទឹកភ្លៀងជន់លិច ត្រឹមជង្គង់ កន្លែងខ្លះ លិចដល់ភ្លៅមនុស្សចាស់ និងត្រឹមចង្កេះ បង្កអោយមានការលំបាក យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងកកស្ទះចរាចរណ៍ ម៉ូតូខ្លះទឹកចូលក្នុងម៉ាស៊ីនម៉ូតូ រលត់ម៉ាស៊ីន បណ្តើរលុយទឹក គួរឱ្យសៅហ្មង ។
នៅក្នុងទឹកដីខណ្ឌសែនសុខ, ទួលគោក និង ដូនពេញ ក៏មានដើមឈើរលំ និងលិចផ្លូវជាច្រើន កន្លែងផងដែរ ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង ផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ ច្រើនកន្លែងផងដែរ ជាពិសេសក្នុង ខណ្ឌដូនពេញតែម្តង ប៉ុន្តែទឹកនៅតែលិច ដោយសារធ្លាក់ភ្លៀងគំហុកខ្លាំង ប្រព័ន្ធលូហូរទឹកមិនទាន់ ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញខាងផ្នែក ប្រព័ន្ធលូទឹកបានឲ្យដឹងថា គេនៅមិនទាន់ អាចដោះស្រាយបញ្ហាលិចលង់ ដោយទឹកភ្លៀងក្នុងតំបន់ខ្លះ នៅក្នុងរាជធានីភ្នំពេញ ដោយសារតែការអភិវឌ្ឍ មួយចំនួន បានប៉ះពាល់ដល់ ប្រព័ន្ធបង្ហូរទឹក ហើយការលិចលង់នោះ បាននាំឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ទាំងនោះ សម្ដែងសេចក្ដីខឹងសម្បារ ព្រោះពួកគាត់ពិបាក ក្នុងការរស់នៅនិងធ្វើដំណើរ៕
ប្រភពព័ត៌មានពី៖ វត្តភ្នំ