រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចមុខបណ្ណាល័យហ៊ុនសែន ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១
ខណ្ឌទួលគោក ដែលបង្កឡើងដោយរថយន្តម៉ាកសឺដែស ១គ្រឿង បើកបរដោយបុរសជនជាតិចិន បានបើកប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកសឺដែស ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-5866 រួមដំណើរដោយបុរសជនជាតិចិន ២នាក់ បើកបរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលបើកបរមកដល់ចំណុចកើតហេតុ រថយន្តក៏បានបត់មកខាងឆ្វេងដៃបំណងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BS-2843 ជិះដោយបុរស ៣នាក់ ដែលព្យាយាមបើកវ៉ារថយន្តតែមិនផុត ក៏បានប៉ះផ្នែកខាងមុខរថយន្ត ធ្វើឲ្យដួលម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកអ្នករបួសទៅធ្វើ ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តរួមទាំងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕