បាងកក ៖ យន្តហោះមួយគ្រឿង ដែលធ្វើដំណើរចេញពីប្រទេសចិន មកកាន់អាកាសយានដ្ឋាន ស៊ូវ៉ាន់ប៊ូមី ក្នុងទីក្រុងបាងកក បានបើករអិលធ្លាក់ផ្លូវ កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ បណ្តាលឲ្យភ្ញៀវទេសចរដែលជិះក្នុងយន្តហោះនោះបានរងរបួសចំនួន១៣នាក់ ។ បើតាមប្រភពព័ត៌មានពីទីភ្នាក់ងារ ចិនស៊ិនហួ បានឲ្យដឹងថា ជើងហោះហើររបស់ អាកាសចរណ៍ អន្តរជាតិថៃ TG៦៧៩ បានហោះហើរចេញពី អា កាសយានដ្ឋាន នៃទីក្រុង ហ្គាងហ្ស៊ូ កាលពីវេលាម៉ោង ០៩ និង២៥នាទីយប់ ម៉ោងក្នុងតំបន់ ដោយដឹកអ្នកដំណើរ ២៨៨នាក់ និងអ្នកបម្រើការលើយន្តហោះ ១៤នាក់ទៀត។ យន្តហោះនោះ បានមកដល់ អាកាសយានដ្ឋាន ស៊ូវ៉ាន់ប៊ូមី វេលាម៉ោង ១១ និង២០នាទីយប់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មូលហេតុនៃការបើកធ្លាក់ផ្លូវនេះគឺបណ្តាលមកពី កង់ផ្នែកខាងមុខរបស់យន្តហោះបានខូច អំឡុងពេលកំពុងចុះចត។ បើតាមការឲ្យដឹងពីក្រុមសមត្ថកិច្ចបាននិយាយថា អ្នកដំណើរដែលរងរបួសមានចំនួនសរុប ១៣នាក់ ក្នុងនោះមានជនជាតិចិន ចំនួន០៩នាក់ ថៃ០២នាក់ និងស៊ីមបាវ៉េម្នាក់។ ប៉ុន្តែជាសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យយន្តហោះទាំងមូល បានផ្ទុះឆាបឆេះនោះទេ គ្រាន់តែរងការខូចខាតផ្នែកមួយចំហៀងតែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងឧប្បតិហេតុនេះ ខាងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះ ។ ចំណែកអាកាសយានដ្ឋានទាំងមូលត្រូវបានបិទជាបណ្តោះអាសន្ន ដោយខាងភ្នាក់ងារបានពន្យារពេលផ្អាកការហោះហើរទាំងអស់៕