ក្រុងវ៉ាស៊ីនតោន ៖ មន្ត្រីជំនាញផ្នែកយុទ្ធសាស្ត្រ បានរៀបចំផែនការ វាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅសំខាន់ៗ យ៉ាងតិចបំផុត ៥០ កន្លែង ដើម្បីបំបាក់ឥទ្ធិពល មេដឹកនាំផ្តាច់ការស៊ីរី ហើយប្រភពសំងាត់មួយ បានបង្ហើបឲ្យដឹងថា អ្នកធ្វើផែនការសង្គ្រាម ឥឡូវនេះមានគោលបំណង ចាប់ផ្ដើមធ្វើការវាយប្រហារ ដោយបាញ់ស្កាត់ដោយកាំជ្រួច បន្តដោយការវាយប្រហារ យ៉ាងរហ័សទៅលើគោលដៅនានា ដែលមានការខកខាន ឬក៏នៅមានការឈរជើង របស់កងទ័ពស៊ីរី ។ នាយទាហានជាន់ខ្ពស់អាមេរិក ២ នាក់ បាននិយាយប្រាប់ ក្រុមអ្នកសារព័ត៌មានថា សេតវិមាន ត្រូវស្នើឲ្យពង្រីក បញ្ជីគោលដៅវាយប្រហារ ដែលរួមមានបញ្ចូល នូវគោលដៅជាច្រើនថែមទៀត លើសពីគោលដៅនៅក្នុងបញ្ជីនៃគម្រោង ប្រហែល ៥០ គោលដៅ។ ទង្វើនេះគឺជាផ្នែកមួយ នៃការខិតខំដើម្បីទទួលបាននូវកម្លាំង វាយប្រហារថែមទៀត ដើម្បីបំបាក់ដល់កងទ័ព របស់លោកប្រធានាធិបតី បាសាអាល់ អាសាត ដែលបែកខ្ញែកគ្នា។
អ្នកធ្វើផែនការសង្គ្រាម កំពុងតែពិចារណា លទ្ធភាពនៃការប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែក របស់កងទ័ពអាកាសក៏ដូចជា នាវាពិឃាដប្រដាប់ ដោយកាំជ្រួចចំនួន ៥ គ្រឿង បច្ចុប្បន្នកំពុងធ្វើការយាមល្បាត នៅភាគខាងកើត សមុទ្រ មេឌីទែរ៉ាណេ ដើម្បីបាញ់កាំជ្រួចគ្រូសពីចម្ងាយនៅខាងក្រៅរង្វង់ ការពារដែនអាកាស របស់ប្រទេសស៊ីរី។ ក្រុមវាយប្រហារ ដោយនាវាផ្ទុកយន្តហោះ USS Nimitz ជាមួយនឹងនាវា ចម្បាំងមួយគ្រឿង និងនាវាពិឃាដ ៣ គ្រឿង ដែលឈរជើង នៅសមុទ្រក្រហម អាចបាញ់កាំជ្រួចគ្រូស ដាក់ប្រទេសស៊ីរីដែរ។
អ្នករៀបផែនការធ្វើសង្គ្រាម បានបង្ហើបឲ្យដឹងថា វានឹងមានការបាញ់ ជាច្រើនប្រាវ និងការវាយប្រហារ បន្ទាប់ពីបាញ់មួយប្រាវៗ ប៉ុន្តែទាំងអស់នេះ នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល ៧២ ម៉ោង និងមានការចង្អុលបង្ហាញ ច្បាស់លាស់នៅពេល ដែលយើងបានធ្វើ។ ការរៀបចំផែនការកងទ័ពកាន់តែខ្លាំងនេះបានកើតឡើង ខណៈដែលលោកប្រធានាធិបតី បារ៉ាក អូបាម៉ា បានរៀបចំផ្ទាល់ខ្លួន បន្ទាប់ពីសមាជិកសភាមួយចំនួន ហាក់ដូចជាអល់អែក ក្នុងការចាត់វិធានការ ប្រឆាំងមេដឹកនាំផ្តាច់ការស៊ីរី៕