ខេត្តកំពង់ចាម ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម
ដោយសារ តែមានបុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងជ្រុលល្បឿនធ្លាក់ ចូលទៅក្នុងទឹកទន្លេ ប៉ុន្តែសំណាងល្អម្ចាស់រថយន្តបានបើកទ្វារហែលទឹករួច ផុតពីសេចក្តីស្លាប់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលជាម្ចាស់រថយន្តខាងលើនេះមានឈ្មោះ សេង ធា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនគូប៊ូតា នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ បុរសខាងលើបានបើករថយន្តម៉ាក ហ្វ័ររ៉េនន័រ ស៊េរីឆ្នាំ ២០១៣ ពណ៌ត្រីឆ្លូញ ធ្វើដំណើរចេញពីក្រុងកំពង់ចាម ក្នុងទិសដៅពីលិចទៅកើត។ ខណៈដែលបើកបរមកដល់ចំណុចម្តុំតោ២ នៅមាត់ទន្លេ រថយន្តក៏បានបួងចង្កូតបត់មកខាងស្តាំដៃក្នុងល្បឿនយ៉ាងលឿន បណ្តាលឲ្យរថយន្តបានជ្រុលធ្លាក់ជណ្តើរនៅច្រាំងមាត់ទន្លេ ចូលទៅក្នុងទឹកលិចបាត់តែម្តង ប៉ុន្តែជាសំណាងល្អអ្នកបើកបរបានបើកទ្វាររថយន្តលោតចេញមកក្រៅ ហើយត្រូវប្រជាពលរដ្ឋជួយស្រង់ឡើងលើគោកទាន់ពេលវេលា ។
បន្ទាប់ពីកើតហេតុ ខាងសមត្ថកិច្ចបានទំនាក់ទំនងខាងរថយន្តស្ទូច និងក្រុមអ្នកមុជទឹកឲ្យចុះទៅរករថយន្តដើម្បីស្ទូចស្រង់យកមកលើគោក ។ បើតាមការបង្ហើបពីបុរសជាម្ចាស់រថយន្តបានឲ្យដឹងថា រថយន្តនេះគាត់ទើបតែទិញយកមកប្រើ ដោយមានតម្លៃជាង៥ម៉ឺនដុល្លារអាមេរិក៕