ខេត្តរតនគិរី ៖ បុរសជាជនជាតិ វៀតណាម ២នាក់បានរងរបួស ធ្ងន់ ស្រាល ដោយសារតែត្រូវរថយន្តម៉ាកតាកូម៉ា មួយគ្រឿងបើកបុកពេញទំហឹងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិអូរ
កន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។
បើតាមសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើនេះមានឈ្មោះ ង្វៀង ហ្វីកសាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម គឺជាអ្នកបើកបរ និងម្នាក់ទៀតឈ្មោះ ហាង វ៉ាន់យ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានស្រុកកំណើតនៅក្នុងខេត្ត ង៉ែ អាង ពួកគេគឺជាបុគ្គលិកបម្រើការងារនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន វៀតណាមមួយកន្លែង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ 2M-0575 បើកបរដោយស្ត្រីម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជា៤ ស្រាប់តែរថយន្តបានជ្រុលទៅបុកម៉ូតូស៊េរីចាស់មួយគ្រឿង ជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យជិះម៉ូតូទាំង២នាក់ដួលរងរបួសធ្ងន់ ស្រាល។ ក្រោយពេលបង្កហេតុ រថយន្តក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តបានចុះទៅអន្តរាគមន៍ ដោយបានទំនាក់ទំនងទៅសមត្ថកិច្ចនៅតាមដងផ្លូវចាំស្ទាក់ចាប់រថយន្តបង្ក ខាងលើ និងបាននាំយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន។ ចំណែកជនរងគ្រោះត្រូវបានគេដឹកយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ត៕