ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលជាក្រុមញៀនកាវ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចកាលពី វេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០៩ ខែកញ្ញា
ឆ្នាំ ២០១៣ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពចាប់រំលោភស្ត្រី២នាក់ ម្តាយមីង និងក្មួយ នៅលើ សំណង់អគារចាស់មួយកន្លែង ដែលមានកម្ពស់៥ជាន់ ស្ថិតនៅក្នុងភូមិប្រាំជាន់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ប៉ុន្តែមិនបានសម្រេច។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១មានឈ្មោះ សុខ ប្រាក់ អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ទី២មានឈ្មោះ ផុន សម្ផស្ស ហៅជា អាយុ១៦ឆ្នាំ រស់នៅភូមិ ទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះមានឈ្មោះ រ.ត.ណ អាយុ២៥ឆ្នាំ និងក្មួយស្រីម្នាក់ទៀតអាយុ១១ឆ្នាំ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់មីងក្មួយ បាននាំគ្នាឡើងទៅកាន់អគារចាស់កម្ពស់៥ជាន់នោះ ដើម្បីទៅរកក្មួយប្រុសម្នាក់ទៀតអាយុ៨ឆ្នាំ ដោយពួកគេសង្ស័យថា ក្មួយប្រុសម្នាក់នោះមកសម្ងំប្រើប្រាស់ថ្នាំញៀននៅទីនេះ។ ខណៈពេលដែលឡើងទៅដល់ខាងលើ ស្រាប់តែបានជួបនឹងជនសង្ស័យទាំង៣នាក់ ហើយពួកគេបានធ្វើសកម្មភាពចាប់ទាញសំពត់ បម្រុងនឹងរំលោភ ប៉ុន្តែត្រូវបានជនរងគ្រោះ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងមកជួយអន្តរាគមន៍ទាន់ពេលវេលា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕